ភ្នំពេញ៖ សមត្ថកិច្ចនគរបាលអន្តោ ប្រវេសន៍ក្រសួងមហាផ្ទៃនារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ម្សិលមិញនេះ បានបញ្ជូនជនជាតិចិនចំនួន៦៣នាក់ តាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតាមជើងយន្តហោះរបស់ប្រទេសចិនទៅប្រទេសគេវិញ បន្ទាប់ពីជនជាតិចិនទាំង នេះត្រូវបានសមត្ថកិច្ចបង្រ្កាបបាននាពេលកន្លងមក ។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តន៍ នីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃបានមានប្រសាសន៍ឲ្យដឹងថា ជនជាតិចិនតៃវ៉ាន់ និងចិនដីគោក ដែលសមត្ថកិច្ចធ្វើការបណ្តេញចេញពីក្នុងប្រទេសកម្ពុជាខាងលើនេះមានចំនួន៦៣នាក់ ក្នុង នោះមានស្រីចំនួន៨នាក់ បន្ទាប់ពីកន្លងមកត្រូវបានសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ប្រទេសកម្ពុជាចុះបង្ក្រាបបានកាលពីល្ងាចថ្ងៃទី៣០ ខែសីហា ២០១៦ នៅចំណុចខុនដូ មួយកន្លែង ដែលមានទីតាំង ស្ថិតនៅតាម បណ្តោយផ្លូវសូនិច ក្នុងភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានី ភ្នំពេញ ។
លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ថាជនជាតិចិនទាំងនេះត្រូវចោទប្រកាន់ពីបទកំហែងទារប្រាក់តាមប្រព័ន្ធអីុនធើណេត ។
សមត្ថកិច្ចយើងបានរឹបអូសវត្ថុតាងមួយ ចំនួនរួមមានឧបករណ៍សម្រាប់ប្រើប្រាស់ ជាគ្រឿងអេឡិចត្រូនិកសម្រាប់ធ្វើសកម្ម ភាពកំហែងទារប្រាក់មួយចំនួនធំ ព្រមទាំង ឯកសារផ្សេងៗជាច្រើនទៀត ។ នៅរសៀល ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ សមត្ថកិច្ចកម្ពុជា បានសហការជាមួយនឹងសមត្ថកិច្ចរបស់ប្រទេសចិនសម្រេចធ្វើការបណ្តេញជន អន្តោប្រវេសន៍ទាំង៦៣នាក់តាមជើងយន្តហោះរបស់ប្រទេសចិនឆ្ពោះទៅមាតុភូមិ របស់គេវិញនិងឈប់ឲ្យមកកម្ពុជាវិញជាដាច់ខាត ៕
ដោយ៖ ប្រាថ្នា