ខេត្តកំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម បានអះអាងថា រយៈពេលដើមអាណត្តិទី៦នេះ សាខា អនុសាខា បានឆ្លើយតបភ្លាមៗ ទៅនឹងតម្រូវការ ជាក់ស្តែង នៅតាមសហគមន៍រងគ្រោះ និងប្រជាពលរដ្ឋងាយរងគ្រោះបំផុត បានចំនួន ១២២,០៤៤គ្រួសារ ថ្លែងបែបនេះក្នុងឱកាសអបអរសាទរ ខួបទី១៦៣ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ក្រោមមូលបទ “បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌” ដែលបាន ធ្វើឡើងនៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ក្រោមវត្តមានឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ។
ថ្លែងក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា មានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ សាខាបានយកឱកាសនេះ ធ្វើការអំពាវនាវសប្បុរសជន គ្រប់មជ្ឈដ្ឋាន ទាំងក្នុង និង ក្រៅខេត្ត បន្តជួយឧបត្ថម្ភ គាំទ្រដល់សាខាជាបន្តបន្ទាប់។ ក្នុងឆ្នាំ២០២៥ កន្លងមកនេះ សាខាទទួលបាន ថវិកាសរុប ៧០ ម៉ឺនដុល្លារអាមេរិក កើនលើសឆ្នាំ២០២៤ ប្រមាណ ៧% ក្នុងនោះ លោកសន្តិបណ្ឌិត នេត សាវឿន បានខិតខំកៀរគរមូលនិធិ បានប្រមាណ ៤០ម៉ឺនដុល្លារអាមេរិក។
លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ក្នុងឆ្នាំនេះដែរ បានចុះអន្តរាគមន៍ផ្តល់អំណោយមនុស្សធម៌ភ្លាម ៗ ជូនជនរងគ្រោះ ដោយមហន្តរាយ អគ្គីភ័យ ខ្យល់កន្ត្រាក់ ទឹកជំនន់ គ្រោះរាំងស្ងួត រន្ទះបាញ់ បាក់ ស្រុតច្រាំងទន្លេ លង់ទឹក គ្រោះថ្នាក់ចរាចរណ៍បានចំនួន ៨១៩គ្រួសារ និងបានជំលៀស ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ មកទួលសុវត្ថិភាព ៦៥គ្រួសារ ស្មើនឹង ២៥៣នាក់ និងបាន ស្ដារធ្វើឱ្យប្រសើរឡើងវិញ នូវផ្ទៃដីដំណាំស្រូវវស្សាដែលរងផលប៉ះពាល់ដោយទឹកជំនន់ ចំនួន៣,៣៤៤ ហ.ត ផងដែរ ។
ក្នុងឱកាសនោះដែរ លោកសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខាកាកបាទក្រហម កម្ពុជាខេត្តកំពង់ចាម បានថ្លែងអំណរព្រះគុណ និងអរគុណចំពោះ ព្រះមេគណ ព្រះអនុគណ ព្រះ ថេរានុថេរៈគ្រប់ព្រះអង្គ អ្នកឧកញ៉ា លោក លោកស្រី នាងកញ្ញា សប្បុរសជនគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅខេត្ត ដែលបានស្ម័គ្រចិត្តបរិច្ចាគធនធាន ថវិកា ជួយ គាំទ្រដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ដើម្បីទុកសម្រាប់ប្រើប្រាស់លើផ្នែក មនុស្សធម៌៕
ដោយ ៖ សិលា











