ភ្នំពេញ៖ យីហ៊ឺ ហៃប៊ី មឹកក្រៀម(ហៃប៊ី) និងបង្គាក្រៀមដែលកន្លងមកល្បីថាត្រូវគេបន្លំលាយសារធាតុកៅស៊ូធ្វើឲ្យ ពេលបរិភោគទៅ ប៉ះពាល់ដល់សុខភាពនោះ ត្រូវបាន មន្រ្តីកាំកុងត្រូលសាខាផែស្ងួតចុងទីភ្នំពេញ ចុះត្រួតពិនិត្យនៅតាមផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ប្រយោជន៍ទប់ស្កាត់កុំឲ្យមានធ្វើអាជីវកម្មខុសច្បាប់និងជួយណែនាំឲ្យអាជីវកម្មលក់ដូរទាំងអស់មានការប្រុងប្រយ័ត្នក្នុងទំនិញក្លែងក្លាយមួយនេះ។
ការចុះត្រួតពិនិត្យរបស់មន្រី្តកាំកុងត្រូលបានប្រព្រឹត្តទៅនៅក្នុងផ្សារចំការដូងស្ថិតនៅក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោកាលពី ព្រឹកថ្ងៃទី៦ ខែសីហា ដឹកនាំដោយលោក វេងប៉ាវ អនុប្រធានសាខាផែស្ងួតចុងទីភ្នំពេញទទួលផ្នែកទីផ្សារ ។
លោក វេងប៉ាវ បានអោយដឹងថា ការចុះត្រួតពិនិត្យជុំវិញផ្សារចំការដូងគឺស្វែងរកយីហ៊ឺ និងហៃប៊ី ដែលមានសារធាតុកៅស៊ូ និងមុខ ទំនិញដែលហួសកំណត់ប្រើប្រាស់ហើយនៅបន្តដាក់លក់នៅលើទីផ្សារត្រូវបានមន្រ្តី ធ្វើការណែនាំហាមឃាត់មិនឲ្យដាក់ទៀត ។លោកបានប្រាប់ឲ្យមន្ត្រីកាំកុងត្រូល ណែនាំដល់អាជីវករ សូមកុំឲ្យយកមុខទំនិញដែលមានលាយសារធាតុកៅស៊ូ និងទំនិញគ្រប់មុខដែលហួសសុពលភាពប្រើប្រាស់ ព្រោះទំនិញទាំងអស់នោះធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកដែលទិញយកទៅទទួលទាន ។ មុននឹងទទួលយកមុខទំនិញមកដាក់លក់អាជីវករត្រូវត្រួតពិនិត្យមុខទំនិញឲ្យបានត្រឹមត្រូវចាំយកមកដាក់លក់ជូនអតិថិជន ។
ទោះយ៉ាងណានៅព្រឹកថ្ងៃត្រួតពិនិត្យនោះ មន្រី្តកាំកុងត្រូលបានអះអាងថាការស្វែងរកមុខទំនិញយីហ៊ឺ ហៃប៊ី មឹកក្រៀម(ហៃប៊ី) និងបង្គាក្រៀមដែលមានលាយសារ ធាតុកៅស៊ូនោះអត់ឃើញមានដាក់លក់នៅលើទីផ្សារចំការដូងទេ ។ រីឯអាជីវករនៅក្នុងផ្សារចំការដូងវិញក៏បានឲ្យដឹងថា ពួកគាត់មិនបានយកមុខទំនិញ ដែលលាយសារធាតុកៅស៊ូមកដាក់លក់ដែរ ពួកគាត់មានការប្រុងប្រយ័ត្នណាស់ ។
គួរបញ្ជាក់ថាពាក់ព័ន្ធនឹងយីហ៊ឺ ហៃប៊ី មឹកក្រៀម និងបង្គាក្រៀម ដែលមានលាយសារធាតុកៅស៊ូនេះ ធ្លាប់ត្រូវបានសមត្ថកិច្ចខេត្តបាត់ដំបងឃាត់បានជាង២០០គីឡូក្រាម ពីមនុស្ស៤នាក់ ដែលបានដឹកដើរលក់តាមភូមិ។ លើសពីនេះទៀត កន្លងទៅក៏ធ្លាប់មានការផ្សព្វផ្សាយតាមបណ្ដាញសារព័ត៌មាននានា រួមទាំងបណ្ដាញសង្គមហ្វេសបុកផងថា ករណីខាងលើនេះមានកើតជាញឹកញាប់ណាស់ក្នុងប្រទេសកម្ពុជា ដែលមានមតិខ្លះថា របស់ទាំងអស់នេះបាននាំចូលមកពីប្រទេសជិតខាង ដោយមានការឃុបឃិតទទួលលាភសក្ការៈរវាងឈ្មួញទុច្ចរិត និងកាំកុងត្រូលប្រចាំច្រកនានាតាមព្រំដែនរបស់ប្រទេសកម្ពុជា ៕
ដោយ៖ ប្រាថ្នា