ខេត្ដកំពង់ធំ៖ ទោះបីប្រមុខរាជរដ្ឋាភិ បាលកម្ពុជាបានព្រមានម្ដងហើយៗម្ដង ទៀតក្ដីទាក់ទិននឹងករណីទប់ស្កាត់បទល្មើសព្រៃឈើ ប៉ុន្ដែរហូតមកទល់ពេលនេះ គេហាក់ពុំទាន់ឃើញមានសកម្មភាព គួរកត់សម្គាល់ណាមួយ ដែលបញ្ជាក់ ឱ្យឃើញពីការយកចិត្ដទុកដាក់របស់ សមត្ថកិច្ចជំនាញអនុវត្ដលើការងារនេះ ឡើយ ។ ផ្ទុយទៅវិញគេបែរជាសង្កេត ឃើញថា មន្ដ្រីជំនាញមួយចំនួនកាន់តែ គឃ្លើនបើកភ្លើងខៀវដោយពុំមានខ្លាចញញើតឃុបឃិតជាមួយឈ្មួញដែល ប្រព្រឹត្ដបទល្មើសព្រៃឈើខុសច្បាប់ទាំង នោះដើម្បីផលប្រយោជន៍លាភសក្ការៈ ផ្ទាល់ខ្លួនទៅវិញ ។
ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា ជារៀងរាល់ថ្ងៃពួកគាត់សង្កេតឃើញ មានររថយន្ដដឹកជញ្ជូនឈើខុសច្បាប់ ចេញពីភូមិខោសនិងភូមិព្រះអាទិត្យក្នុង មួយថ្ងៃចាប់ពី១៥ទៅ២០គ្រឿង គឺដឹក តាមរថយន្ដកែច្នៃរថយន្ដកូរ៉េ ប៉ុន្ដែ សមត្ថកិច្ចឬមន្ដ្រីជំនាញពុំបានបង្ក្រាប នោះទេ បែរជានាំគ្នាចងអង្រឹងដេកចាំ យកលុយដោយមិនខ្វល់ពីភាពហិនហោចព្រៃឈើបន្ដិចណាសោះឡើយ ។
ថ្មីៗនេះគេបានឃើញសមត្ថកិច្ច ឃាត់រថយន្ដកែច្នៃមួយគ្រឿងរបស់ ឈ្មួញដុះស្លែម្នាក់ដែលគេស្គាល់ឈ្មោះ ថា តាដុងបានដឹកឈើប្រណីតប្រភេទ ឈើតាប់ក្នុងនោះរួមមានលោក អែម ប៊ុនហេង មន្ដ្រីផ្នែករដ្ឋបាលព្រៃឈើ សណ្ដាន់ និងលោកឈាង វុទ្ធី រួមទាំង មន្ដ្រីបរិស្ថានស្រុករួមទាំងមន្ដ្រីក្រោម ឱវាទបានឃាត់រថយន្ដនោះទុកពេលដែលកំពុងតែធ្វើសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់់ ហើយនាំយកវត្ថុតាងទាំងអស់ ទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើ សណ្ដាន់ ។ ប៉ុន្ដែបើគេសង្កេតមើលលើ ការអនុវត្ដច្បាប់របស់មន្ដ្រីរដ្ឋបាលព្រៃ ឈើហាក់បីដូចជាមិនពេញចិត្ដក្នុងការឃាត់រថយន្ដនោះទេ ទោះបីជាមានដឹក ឈើប្រណីតខុសច្បាប់ពេញរថយន្ដក៏ដោយ ដោយសារតែថៅកែឈើឈ្មោះតាដុង នេះបានចងសម្ពន្ធមេត្រីភាពជាមួយ សមត្ថកិច្ចមេព្រៃ ហើយធ្លាប់ទទួលបាន លាភសក្ការៈទៀតផងនោះ ។
មូលហេតុទាំងនេះហើយ ដែលធ្វើឱ្យ សមត្ថកិច្ចជំនាញមានការទើសទាល់ គឺធ្វើសកម្មភាពទាំងរួញរាអេះអុញចិត្ដមិនចង់បង្ក្រាប តែដោយសារអ្នកសារ ព័ត៌មានតាមដានពីសកម្មភាពរបស់ ពួកគេទើបពួកគេបង្ខំចិត្ដឃាត់ទុកដើម្បីបំភ័ន្ដភ្នែកអ្នកសារព័ត៌មានតែប៉ុណ្ណោះ ៕
ដោយ៖ ប៊ុន រិទ្ធី