ខេត្តកំពង់ចាម ៖ នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៨ ៖ ៥០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលអំពិល បានទទួលព័ត៌មានពីប្រជាពលរដ្ឋ រាយការណ៍ថា មានករណីអគ្គីភ័យ (ឆេះផ្ទះ) ស្ថិតនៅចំណុចភូមិអណ្ដូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ក្រោយពីទទួលព័ត៌មានលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដាក់បទបញ្ជាឲ្យលោកអធិការដឹកនាំកម្លាំងអន្តរាគមន៍អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ចេញអន្តរាគមន៍ជាបន្ទាន់ ដល់កន្លែងកើតហេតុ ដោយមានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល និងប្រជាការពារជាជំនួយ ។
សមត្ថកិច្ចបានបញ្ជាក់ថា ៖ អគ្គីភ័យត្រូវបានរលត់១០០% នៅវេលាម៉ោង ៩:៤០នាទី ដោយកម្លាំងដោយមានកម្លាំងអន្តរាគមន៍ស្រុកកំពង់សៀម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល និងប្រជាការពារជាជំនួយធ្វើការពន្លត់អោយរលត់ជាស្ថាពរ ។ ក្នុងនោះប្រើប្រាស់ឡានពន្លត់អគ្គីភ័យ ចំនួន ០៦គ្រឿង -ឡានពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ៣គ្រឿង ឡានពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ២គ្រឿង ឡានពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ ១គ្រឿង ប្រើប្រាស់ទឹកអស់ ១២ស៊ីទែន ។
សមត្ថកិច្ចបន្តថា ៖ ម្ចាស់ផ្ទះទី១ឈ្មោះ សុំ ពេជ្រ ភេទប្រុស អាយុ ៦៣ ឆ្នាំ ។
ចំពោះករណីនេះបណ្ដាលឱ្យខូចខាតផ្ទះមានទំហំទទឹង ៦x១២ ម៉ែត្រ ដោយសារមូលហេតុ ឆ្លងចរន្តអគ្គិសនី ។
ករណីនេះបានរៀដាលដល់ផ្ទះអ្នកជិតខាងចំនួន ២ផ្ទះ រួមមាន ៖ ម្ចាស់ផ្ទះទី២ឈ្មោះ ស៊ឹង ស្រី ភេទស្រី អាយុ ៥៣ ឆ្នាំ ។
បណ្ដាលឱ្យខូចខាត ផ្ទះមានទំហំទទឹង៧ x ១២ម៉ែត្រ។
ម្ចាស់ផ្ទះទី៣ឈ្មោះ អោក សារ៉ូ ភេទស្រី អាយុ ៧២ ឆ្នាំ បណ្ដាលឱ្យខូចខាតផ្ទះមានទំហំទទឹង ៤x៥ ម៉ែត្រ (ឆេះឡាបជញ្ជាំង១ម៉ែត្រ)។
ចំពោះសម្ភារៈក្នុងផ្ទះឆេះទាំងស្រុងរួមមានថវិកានិងឯកសារមួយចំនួន និងបណ្ដាលអោយរបួសម្ចាស់ផ្ទះចំនួន ១នាក់ (របួសស្រាល) ៕
ដោយ ៖ វណ្ណៈ










