ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តម៉ាក toyota priusមួយគ្រឿងក្នុងល្បឿនលឿនក៏រ៉េចង្កូតឆ្លងគន្លងផ្លូវទៅបុករថយន្តស្ទូចរួចបន្តទៅបុករះម៉ូតូចំនួន ៣គ្រឿងបណ្ដាលឱ្យយុវតី២នាក់រងរបួសស្រាល ចំណែកយុវតីម្នាក់ទៀតរងរបួសធ្ងន់ដឹកតាមកង់បីយកទៅសង្រ្គោះភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង៧:៣០នាទីយប់ ថ្ងៃទី២៦ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវ២០១១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្តស្ទូចមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 3E-0960 បើកបរតាមបណ្ដោយផ្លូវ ២០១១ទិសដៅពីត្បូងទៅជើង លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើស្រាប់តែគេឃើញមានរថយន្តបង្កមួយគ្រឿងម៉ាក Toyota prius ពណ៌សពាក់ផ្លាកលេខភ្នំពេញ 2BD-0270បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ២០១១ទិសដៅបញ្ច្រាស់គ្នាពីជើងទៅត្បូងក្នុងល្បឿនលឿនក៏រ៉េចង្កូតឆ្លងគន្លងផ្លូវជ្រុលទៅបុករថយន្តស្ទូចចំពីមុខចំហៀងខាងស្ដាំយ៉ាងពេញទំហឹងបណ្ដាលឱ្យរថយន្ត toyota prius រ៉េចង្កូតត្រឡប់ក្រោយជ្រុលទៅបុករះម៉ូតូចំនួន៣គ្រឿងធ្វើឲ្យយុវតីចំនួន២នាក់រងរបួសស្រាល ចំណែកយុវតីម្នាក់ទៀតរាងធ្ងន់ ត្រូវបានបញ្ជូនតាមកង់បីយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ ចំណែកតៃកុងរថយន្តបង្កសមត្ថកិច្ចឃាត់នៅកន្លែងកើតហេតុ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្រ្តីជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយកម៉ូតូនិងរថយន្ត២គ្រឿងទៅរក្សារទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេបណ្តោះអាសន្ន រងចាំភាគីសងខាងធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ ៖ ភារ៉ា ដង្កោ










