ឈាមស្រែកស្បែកហៅ ជនសង្ស័យចាក់សម្លាប់មនុស្សក្នុងវង់រាំ ត្រូវចាប់បញ្ជូនមកស្នងការខេត្ត

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យក្នុងការចាក់សម្លាប់មនុស្សក្នុងពេលរាំធុងបាស់ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងបង្ហាញមុខហើយកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ បន្ទាប់ពីធ្វើការស្រាវជ្រាវ និងចាប់បានក្រោយពីធ្វើសកម្មភាពនិងធ្វើការសាកសួរនៅស្រុកកំពង់ត្រឡាច ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននេះមានឈ្មោះផៃ សារុន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិកំពង់ត្រឡាចលើ ឃុំកំពង់ត្រឡាច  ស្រុកកំពង់ត្រឡាច។ ចំណែកឯជនរងគ្រោះម្នាក់ឈ្មោះ ជឿន សុខមឿន ហៅបឿន អាយុ១៦ ស្លាប់ និងម្នាក់ទៀតឈ្មោះ អ៊ិត សុខជា  អាយុ១៩ឆ្នាំ រស់នៅភូមិជំទាវសុខ ឃុំច្រេស របួសធ្ងន់ រស់នៅក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុកាលពីព្រឹកថ្ងៃទី១៨ កញ្ញាកន្លងទៅនេះ ជនសង្ស័យឈ្មោះ ផៃ សារុន ទៅផឹកស៊ីនៅផ្ទះបងប្អូន ក្រោយពីផឹកស្រវឹងបានដើរចេញមកក៏បានឈ្លោះជាមួយយុវជនម្នាក់ នៅវត្តរួចបានវាយចាក់គេឲ្យរងរបួសស្រាល ។ លុះរសៀលថ្ងៃដដែលជនសង្ស័យបានផឹកបន្តទៀត រួចដើរទៅវត្ត និងបន្តផឹករហូតដល់ម៉ោងជាង១០យប់ ថ្ងៃទី១៨កញ្ញា នៅទីវត្តនោះគេបានចាក់បាស់រំាលេងកំសាន្តក្នុងពេលកាន់បិណ្ឌ ។  ស្រាប់តែនៅពេលកំពុងរាំជនសង្ស័យបានបង្កទំនាស់ជាមួយជនរងគ្រោះក៏ឈ្លោះទាស់សម្ដីគ្នា បង្កជាអំពើរហិង្សាឈានដល់ជនសង្ស័យយកកាំបិតកៃ ទៅចាក់លើជនរងគ្រោះជាច្រើនកាំបិត បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង និងជនរងគ្រោះម្នាក់ទៀតរងរបួសធ្ងន់ ។ ក្រោយពេលកើតហេតុសមត្ថកចិ្ចនគរបាលបានធ្វើការស្រាវជ្រាវ រកជនដៃដល់ និងបានឃាត់ខ្លួនជនសង្ស័យតែម្តង ។

តាមចម្លើយសារភាពរបស់ជនសង្ស័យបញ្ជាក់ថា រូបគេពិតជាបានធ្វើសកម្មភាពចាក់ទៅលើជនរងគ្រោះពិតមែន តែជាជម្លោះវាយគ្នាទៅវិញទៅមក ។

បន្ទាប់មកនៅព្រឹកថ្ងៃទី២១ កញ្ញា ជនសង្ស័យបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី ៕

chan-2 chan-1 chan-3

...

ដោយ៖ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print