ខេត្តស្វាយរៀង:រថយន្ដ៣គ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យអ្នកបើកបរម្នាក់រងរបួសធ្ងន់ កាលពីព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១១៦-១១៧ ត្រង់ចំណុចភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា រថយន្ដទី១៖ម៉ាក Sterling ពាក់ស្លាកលេខភ្នំពេញ3D-8481 សឺមីរ៉ឺម៉ក ពាក់ស្លាកកលេខភ្នំពេញ៤A-0563 បើកបរពីទិសខាងកើត ទៅទិសខាងលិច អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានគេចខ្លួនពីកន្លែងកើតហេតុ រថយន្តខូចខាតផ្នែកខាងមុខ, រថយន្ដទី២៖ ម៉ាក FUSO ពណ៌ត្រួយចេក ពាក់ផ្លាកលេខស្វាយរៀង3A-4029 បើកបរពីទិសខាងលិចទៅខាងកើត អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានគេចចេញពីកន្លែងកើតហេតុរថយន្តខូចខាតស្រាល, រថយន្ដទី៣៖ ម៉ាកសាំយ៉ុង ពណ៌បៃតងចាស់ ពាក់ផ្លាកលេខភ្នំពេញ2AI-6730 បើកបរពីទិសខាងលិចទៅទិសខាងកើត បើកបរដោយឈ្មោះ ប៊ូ វណ្ណា អាយុ៤៤ឆ្នាំ មានទីលំនៅភូមិអូរសំដី ឃុំពោធិ៍រាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
អ្នកបើកបររងរបួសធ្ងន់បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលកើតឲ្យមានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះដោយសារ រថយន្តម៉ាក FUSO ពណ៌ត្រួយចេក ប្រើប្រាស់ល្បឿនលឿនបណ្ដាលឲ្យបុករថយន្តសាំយ៉ុងពីក្រោយ ធ្វើឲ្យរថយន្តសាំយ៉ុងរ៉េចង្កូតទៅបុករថយន្ត ម៉ាក sterling ពណ៌ក្រហមចំពីមុខ។
បច្ចុប្បន្នវត្ថុតាងរថយន្តទាំងបីគ្រឿង ត្រូវបានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ខេត្តស្វាយរៀង ដើម្បីដោះស្រាយតាមច្បាប់។










