សេអ៊ូល៖ ដំណើរទស្សនកិច្ចរបស់នាយកប្រតិបត្តិក្រុមហ៊ុន NVIDIA លោក Jensen Huang នៅប្រទេស កូរ៉េខាងត្បូង បានជួយជំរុញការលក់អាហារ និងភេសជ្ជៈក្នុងស្រុកឱ្យកើនឡើងយ៉ាងគំហុក បន្ទាប់ពីប្រជាពលរដ្ឋជាច្រើននាំគ្នាសាកល្បងផលិតផលដែលមហាសេដ្ឋីរូបនេះបានទទួលទាន និងចែកជូនសាធារណជន។
យោងតាមសារព័ត៌មាន Yonhap ការលក់នំសម្រន់ Honey Banana-flavored HBM Chips បានកើនឡើងដល់ 704% ក្នុងអំឡុងថ្ងៃទី 6-7 ខែមិថុនា បើធៀបនឹងសប្តាហ៍មុន។
ជាពិសេស នៅថ្ងៃទី 6 ខែមិថុនា ការលក់នំប្រភេទនេះបានកើនឡើង 766% បន្ទាប់ពីលោក Jensen Huang ត្រូវបានគេឃើញចែកនំ HBM Chips ទៅកាន់អ្នកគាំទ្រនៅតាមដងផ្លូវ។
ភេសជ្ជៈ និងអាហារពេញនិយមក្រោយការណែនាំរបស់ Jensen Huang
ក្រៅពី HBM Chips ការលក់ទឹកដោះគោរសជាតិចេករបស់ Binggrae និងភេសជ្ជៈបែបប្រពៃណី Sikhye របស់ Paldo ក៏បានកើនឡើង 12% និង 13% រៀងគ្នា បន្ទាប់ពី Jensen Huang បានចែកជូនប្រជាពលរដ្ឋផងដែរ។
ក្នុងអំឡុងដំណើរទស្សនកិច្ចរយៈពេល 5 ថ្ងៃ លោក Huang បានជួបពិភាក្សាការងារជាមួយប្រធានក្រុមហ៊ុនធំៗរបស់កូរ៉េខាងត្បូង រួមមាន Chey Tae-won នៃ SK Group, Koo Kwang-mo នៃ LG Group និង Lee Hae-jin នៃ Naver នៅភោជនីយដ្ឋានសាច់ជ្រូកអាំងមួយក្នុងតំបន់ Hongdae។
បន្ទាប់មក លោកបានទៅទទួលទានមាន់បំពង និងស្រាបៀរនៅសាខា BBQ Hongdae Entrance មុននឹងចែកនំ HBM Chips និងអាហារសម្រន់ផ្សេងៗទៅកាន់អ្នកដំណើរ។
ចុងសប្តាហ៍កន្លងទៅ លោកក៏ត្រូវបានគេប្រទះឃើញទទួលទានមីកាត់ដោយដៃ ស៊ុបមាន់យិនស៊ិន និងមីត្រជាក់ នៅភោជនីយដ្ឋានល្បីៗក្នុងទីក្រុងសេអ៊ូលផងដែរ។
ភោជនីយដ្ឋានទទួលបានអតិថិជនកើនឡើង
បន្ទាប់ពី Jensen Huang បានទៅទទួលទានអាហារ ទីតាំងទាំងនោះបានក្លាយជាកន្លែងទាក់ទាញភ្ញៀវយ៉ាងខ្លាំង។ អ្នកទេសចរទាំងក្នុង និងក្រៅប្រទេសបានសាកសួរអំពីកន្លែងអង្គុយរបស់លោក មុខម្ហូបដែលលោកបានកុម្ម៉ង់ និងហត្ថលេខាដែលលោកបានបន្សល់ទុក។
Genesis BBQ Group បានឱ្យដឹងថា ការលក់នៅសាខា Hongdae ដែល Jensen Huang បានទៅទទួលទានអាហារ បានកើនឡើងជាង 20% ក្នុងអំឡុងថ្ងៃទី 5 ដល់ 7 ខែមិថុនា បើធៀបនឹងសប្តាហ៍មុន។
នៅថ្ងៃទី 7 ខែមិថុនា ក្នុងព្រឹត្តិការណ៍កីឡាបេសបលនៅ Jamsil Baseball Stadium ដែល Jensen Huang បានបោះបាល់បើកការប្រកួតជាកិត្តិយស NVIDIA ក៏បានបញ្ជាទិញមាន់បំពង Crunch Boneless Cracker Chicken ចំនួន 113 ប្រអប់ពី Genesis BBQ សម្រាប់អ្នកទស្សនាផងដែរ។
មន្ត្រីក្រុមហ៊ុនបានបញ្ជាក់ថា ពួកគេកំពុងរៀបចំបញ្ចេញមុខម្ហូប និងកម្មវិធីផ្សព្វផ្សាយពិសេស ដែលផ្អែកលើអាហារដែល Jensen Huang បានទទួលទានអំឡុងពេលស្នាក់នៅកូរ៉េខាងត្បូង។
ឥទ្ធិពលរបស់មហាសេដ្ឋីបច្ចេកវិទ្យា
លោកស្រី Lee Eun-hee សាស្ត្រាចារ្យផ្នែកសិក្សាអ្នកប្រើប្រាស់នៅ Inha University បានលើកឡើងថា នៅពេលមនុស្សល្បីៗទទួលទានអ្វីមួយ ឬទៅកាន់ទីតាំងណាមួយ អ្នកប្រើប្រាស់ជាច្រើនចង់សាកល្បងបទពិសោធន៍ដូចគ្នា។
លោកស្រីបន្ថែមថា ការទៅកន្លែងដូចគ្នា និងទទួលទានអាហារដូចគ្នានឹងតារាល្បី បានក្លាយជាបទពិសោធន៍មួយដែលធ្វើឱ្យការចាប់អារម្មណ៍របស់សាធារណជនបន្តកើនឡើង។
បច្ចុប្បន្ន NVIDIA គឺជាក្រុមហ៊ុនដែលមានតម្លៃទីផ្សារធំបំផុតក្នុងពិភពលោក ដោយមានមូលធនទីផ្សារលើសពី 5 ទ្រីលានដុល្លារ។ ចំណែក Jensen Huang ដែលទើបបញ្ចប់ដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូង ក៏ត្រូវបានចាត់ទុកជាមហាសេដ្ឋីមានជាងគេលំដាប់ទី 8 របស់ពិភពលោក ដោយមានទ្រព្យសម្បត្តិប៉ាន់ស្មានប្រមាណ 180.3 ពាន់លានដុល្លារ៕










