ភ្នំពេញ៖ បុរសជាអ្នកបើករ៉ឺម៉កដឹកបន្លែម្នាក់បានរងរបួសបាក់ភ្លៅខាងឆ្វេង ដោយសាររថយន្តឡិចស៊ីសរបស់ជនជាតិចិន បើកមកបុកបណ្តាលឲ្យក្រឡប់ផ្ងាជើងក្រោមដំណក់ភ្លៀង។
ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយជនជាតិចិននេះកើតឡើងនៅវេលាម៉ោង១០ និង១៥នាទីយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ។
តាមសាក្សីពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបុរសម្នាក់ បើករ៉ឺម៉កដឹកបន្លែមួយគ្រឿងពីខេត្តកំពង់ស្ពឺ យកទៅលក់នៅផ្សារដើមគ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៤ទិសដៅពីលិចទៅកើត រីឯរថយន្តបង្កម៉ាក ឡិចស៊ីស ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2H-0485 បើកបរដោយបុរសជនជាតិចិនម្នាក់ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា យ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុជាកន្លែងងងឹត រថយន្តបង្កស្រាប់តែរថយន្តរេចង្កូតទៅបុកចំ ម៉ូតូសណ្តោងរ៉ឺម៉កដឹកបន្លែ ពេញទំហឹង បណ្តាលក្រឡាប់រ៉ឺម៉ក រីឯបុរសបើករ៉ឺម៉ករងរបួសបាក់ភ្លៅខាងឆ្វេង ហើយរថយន្តបង្កខូតខាតផ្នែកខាងមុខទៅមុខលែងរួច។
ជនរងគ្រោះមានឈ្មោះ ហ៊ន ហៃ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តក្រុមសង្គ្រោះ៧១១ កងពលតូច៧០ មកដឹកទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមះ។
ក្រោយមកដោយមានតំណាងខាងរងគ្រោះឪពុកមកចរាចរជាមួយខាងរថយន្តបង្កដោយខាងរថយន្តបង្កសងសំណងចំនួន១៨០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕
...
ដោយ៖ សុខាសែនជ័យ