ឈុតស្រើបស្រាលក្នុងរឿង”នារីវេទមន្ត” ត្រូវក្រសួងកាត់ចោលនិងហាមក្មេងអាយុក្រោម១៥ឆ្នាំចូលមើល

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីបញ្ចៀសការរិះគន់ពីសំណាក់ទស្សនិកជន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្រេចកាត់ចោលនូវឈុតឆាកមួយចំនួនក្នុងខ្សែភាពយន្តរឿង”នារីវេទមន្ត”របស់ផលិតកម្មRockដែលបង្ហាញពីការរំលោភ និងរូបរាងកាយអាក្រាតរបស់តារាសម្តែងក្នុងរឿងនេះ។ ខ្សែភាពយន្តនេះក៏នឹងត្រូវបានដាក់បម្រាមមិនឲ្យក្មេងអាយុក្រោម១៥ឆ្នាំចូលទស្សនានោះទេ។

ខ្សែភាពយន្តរឿង”នារីវេទមន្ត”ដែលដឹកនាំសម្តែងដោយ លោក Jimmy Henderson ជនជាតិ អ៊ីតាលីទទួលបានការចាប់អារម្មណ៍ខ្លាំងជាមួយនឹងបច្ចេកទេស គុណភាព និងបែបបទនៃការដឹកនាំសម្តែងប្លែក។ ក្រៅពីជារឿងថ្មីគួរឲ្យចាប់អារម្មណ៍ខ្សែភាពយន្តនេះក៏ត្រូវបានគេទម្លាយថា មានឈុតឆាកបែបស្រើបស្រាលច្រើនព្រោះតែតួអង្គស្រី កញ្ញា ឌុច លីដា ត្រូវរងការចាប់រំលោភជាច្រើនលើកច្រើនសារ ហើយក៏មានឈុតឆាកខ្លះតម្រូវឲ្យសម្តែងទាំងអាក្រាតកាយផងដែរ។ ដោយព្រួយបារម្ភពីការរិះគន់ពីទស្សនិកជន ក្រសួងវប្បធម៌បានសម្រេចកាត់ចោលនូវឈុតឆាកដែលគេគិតថានាំឲ្យមានផលប៉ះពាល់ដល់អារម្មណ៍អ្នកទស្សនា។

លោក យឹម សុសត្យា អ្នកគ្រប់គ្រងទូទៅផលិត កម្ម រ៉ក់ បានបញ្ជាក់ថា រឿង “នារីវេទមន្ត ” ខាងលើគ្រោងចាក់បញ្ចាំងនៅខែ តុលា ខាងមុខនេះ ដែលជាប្រភេទរឿងបែបអភិនីហារ ស្នេហា និងឈុតស្នេហាដែលតម្រូវឲ្យតួស្រីសម្តែងទាំងគ្មានសម្លៀកបំពាក់។ លោកថា មានឈុតឆាកបែបស្រើបស្រាលប្រមាណពាក់កណ្តាលត្រូវបានកាត់ចោលដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយក៏មានឈុតឆាកខ្លះត្រូវបានទុកដែលពេលនេះក្រសួងក៏បានផ្ដល់ទិដ្ឋាការឱ្យចេញបញ្ចាំងរួចហើយ ប៉ុន្តែក្រសួងបានដាក់បម្រាមមិនឱ្យក្មេងក្រោយអាយុ១៥ឆ្នាំចូលទស្សនា នោះទេ។

រឿង “នារីវេទមន្ត” ដែលជាខ្សែភាពយន្តទីពីររបស់ផលិតកម្មនេះបានបញ្ចេញ Trailer  ហើយកាលពីថ្មីៗ ហើយត្រង់ឈុត ឌុច លីដា ដេកអាក្រាតកាយលើវាលខ្សាច់នោះត្រូវបានតារាស្រីរូបនេះបញ្ជាក់ថា គឺមានតួផ្សេងមកជំនួសគួបផ្សំនឹងការកាត់តបច្ចេកទេសថត។ តារាស្រីរូបនេះបញ្ជាក់ថា រឿងនេះគឺមានលាយឡំនូវភាពសិចស៊ីខ្លះៗ ប៉ុន្តែមិនជ្រុលហួសហេតុទេគឺអាចទទួលយកបានប៉ុន្តែសម្រាប់ឈុតឆាកអាក្រាតកាយមួយចំនួនធំត្រូវបានជំនួសដោយតួផ្សេងជាមួយនឹងបច្ចេកទេសកាត់ពីអ្នកផលិតផងដែរ។

គួរបញ្ជាក់ដែរថា ខ្សែភាពយន្តរឿង “នារីវេទមន្ត “បានចំណាយទុន២០ម៉ឺនដុល្លារ និងគ្រោងចាក់បញ្ចាំងនៅក្នុងខែតុលាខាងមុខនេះ ហើយរឿងមួយនេះក៏គ្រោងយកទៅចាក់បញ្ចាំងនៅបណ្តាប្រទេសមួយចំនួនផ្សេងទៀតដែរ។ រឿងនេះ និយាយអំពីភូមិដ៏ដាច់ស្រយាលមួយ ដែលត្រូវបណ្តាសារ អ្នកភូមិរស់នៅរងទុកវេទនា រង់ចាំសេចក្តីស្លាប់ ព្រោះតែការគ្រប់គ្រងបែបផ្តាច់ការរបស់មេភូមិ ដែលហាមឃាត់យ៉ាងដាច់ខាត មិនឲ្យអ្នកភូមិណាម្នាក់ចាកចេញពីស្រុក ហើយក៏មិនអនុញ្ញាតឲ្យអ្នកក្រៅចូលមកក្នុងភូមិដែរ។ រហូតដល់មានវត្តមាននារីអាថ៌កំបាំង បានមកដល់ មេភូមិបានសម្រេចចិត្តឲ្យនាងនៅក្នុងរយៈពេល៧ថ្ងៃ ដើម្បីសម្រេចចិត្តថាឲ្យនាងនៅក្នុងភូមិបានរឺអត់។ គ្រប់យ៉ាងហាក់ផ្លាស់ប្តូរ មេឃធ្លាប់តែរីងស្ងួត ប្រែមានភ្លៀងធ្លាក់ វាប្រៀបដូចជាបណ្តាសារត្រូវបានសាបរលាប។ ប៉ុន្តែ ភាពស្រស់ស្អាតរបស់នាងបានធ្វើឲ្យ បុរសក្នុងភូមិឈ្លក់វង្វេងរហូតធ្វើឲ្យមានការបំពារបំពាន លើរាងកាយនាងម្តងហើយម្តងទៀត។ កម្មតែងតែមានពិត អ្នកណាសាងអ្វី ផលនោះនឹងមកដល់ ទាំងមេភូមិ និង មនុស្សអាក្រក់ក៏ត្រូវទទួលផលកម្មដែលខ្លួនបានសាង។ ចុងក្រោយអ្នកភូមិគ្រប់គ្នាក៏សម្រេចចិត្តធ្វើដំណើរទៅរកភូមិថ្មីដើម្បីរស់៕

https://youtu.be/clavUraepNk

https://youtu.be/zMcb5UsS1QQ

rock-2 rock-3 rock-1 rock-5

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print