លោក ត្រាំ ចង់បង្វែរការយកចិត្តទុកដាក់ទៅរកកូរ៉េខាងជើង ក្រោយមានកិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា នាថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២៦ ប្រធានាធិបតីកូរ៉េខាងត្បូង បានអះអាងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ចង់បង្វែរការយកចិត្តទុកដាក់ទៅរកកូរ៉េខាងជើង បន្ទាប់ពីលោកសម្រេចបានកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានអះអាងដូចខាងលើ បន្ទាប់ពីរូបលោកបានជួបលោក ត្រាំ អំឡុងកិច្ចប្រជុំកំពូល G7 នៅឯប្រទេសបារាំងក្នុងសប្តាហ៍នេះ។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងសេអ៊ូល លោក Lee បានលើកឡើងយ៉ាងដូច្នេះថា «លោកប្រធានាធិបតី ត្រាំ បាននិយាយថា វាដល់ពេលដែលត្រូវផ្តោតការយកចិត្តទុកដាក់ លើកូរ៉េខាងជើង។ ខ្ញុំបានប្រាប់លោកប្រធានាធិបតី ថាទណ្ឌកម្មនិងសម្ពាធប្រឆាំងកូរ៉េខាងជើង គឺមិនមានប្រសិទ្ធភាពទេ ជាពិសេសចាប់តាំងពីការបង្កើនកិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងជើង និងរុស្ស៉ី»។
ចាប់តាំងពីឡើងកាន់អំណាចមក រដ្ឋាភិបាលប្រធានាធិបតី Lee Jae Myung មានគោលដៅចង់បន្ធូរបន្ថយភាពតានតឹង ជាមួយទីក្រុងព្យុងយ៉ាង។ បើតាមបច្ចេកទេស ប្រទេសកូរ៉េទាំងពីរ គឺនៅតែបន្តស្ថិតក្នុងស្ថានភាពមានសង្រ្គាមនឹងគ្នានៅឡើយ ដោយសារតែជម្លោះកាលពីឆ្នាំ១៩៥០-១៩៥៣ បានបញ្ចប់ត្រឹមតាមរយៈបទឈប់បាញ់ មិនមែនសន្ធិសញ្ញាសន្តិភាពផ្លូវការនោះទេ។
មិនយូរប៉ុន្មានក្រោយប្រកាសកិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់ លោក ត្រាំ បានបង្ហោះរូបថតមួយសន្លឹក ដែលលោកបានថតជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅពេលអ្នកទាំងពីរបានជួបគ្នាបើកកិច្ចប្រជុំកំពូល នៅឯប្រទេសសិង្ហបុរី។ ការបង្ហោះរូបភាពនោះ បាននាំឱ្យកើនឡើងការសង្ស័យថា រដ្ឋបាលលោក ត្រាំ បន្ទាប់ទៀត អាចនឹងផ្លាស់ប្តូរការយកចិត្តទុកដាក់របស់ខ្លួនទៅលើកូរ៉េខាងជើង ដែលជាប្រទេសមានអាវុធនុយក្លេអ៊ែរ៕

រូប​ថត​:AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print