ខេត្តបាត់ដំបង៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំរៀង ខេត្តបាត់ដំបង កំពុងបន្តការស្រាវជ្រាវស្វែង រកជនសង្ស័យ ពាក់ព័ន្ធនឹងករណីរត់ពន្ធ ឬប៉ុនប៉ងរត់ ពន្ធទំនិញ (បារី) បន្ទាប់ពីសមត្ថកិច្ចបានរកឃើញបារីសរុបចំនួន ១០៦កេស នៅក្នុងរថយន្ត និងផ្ទះមួយកន្លែង ស្ថិតក្នុងភូមិស្រះទឹកថ្មី ឃុំតាក្រី ស្រុកកំរៀង។
របាយការណ៍សមត្ថកិច្ច នៅថ្ងៃទី១៨ ខែ មិថុនា ឆ្នាំ ២០២៦ វេលាម៉ោង១០:៥០នាទី ពលរដ្ឋបានផ្តល់ព័ត៌មានថា មានរថយន្តម៉ាក WULING YANGGUANG ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2C-5762 ចតទុកនៅក្បែរផ្ទះមួយ ដោយពុំឃើញម្ចាស់ស្នាក់នៅ។
ក្រោយទទួលបានព័ត៌មាន កម្លាំងផ្នែកជំនាញបានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលតាក្រី និងដោយមានការអនុញ្ញាតពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបាត់ដំបង បានធ្វើការត្រួតពិនិត្យរថយន្តខាងលើ។ ជាលទ្ធផល សមត្ថកិច្ចបានរកឃើញបារីចំនួន ៦៤កេស ដែលត្រូវបានវេចខ្ចប់ក្នុងថង់ប្លាស្ទិកពណ៌ខ្មៅ។ បន្ទាប់ មក សមត្ថកិច្ចបានបន្តឆែកឆេរផ្ទះក្បែរនោះ និងបានរកឃើញបារីបន្ថែមចំនួន ៤២កេះទៀត ដែលធ្វើឱ្យបារីដែលរឹបអូសបានមានចំនួនសរុប ១០៦ កេស។
សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់រថយន្ត ឬម្ចាស់ទំនិញ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ខណៈដែលជនសង្ស័យបានរត់គេចខ្លួនបាត់មុនពេលសមត្ថកិច្ចចុះដល់ទីតាំង។
បច្ចុប្បន្ន វត្ថុតាងត្រូវបានរក្សាទុកតាមនីតិវិធី ហើយកម្លាំងជំនាញកំពុងបន្តស្រាវជ្រាវ ដើម្បីកំណត់អត្តសញ្ញាណ និងចាប់ខ្លួនជនពាក់ព័ន្ធ យកមកផ្តន្ទាទោសតាមច្បាប់។
សមត្ថកិច្ចអំពាវនាវដល់ប្រជាពលរដ្ឋ បន្តចូលរួមសហការផ្តល់ព័ត៌មានអំពីសកម្មភាពខុសច្បាប់ ដើម្បីរួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងទប់ស្កាត់បទល្មើសនៅតាមមូលដ្ឋានឱ្យមានប្រសិទ្ធភាព៕










