កូរ៉េខាងត្បូងមិនផ្តល់ជំនួយដល់កូរ៉េខាងជើងដែលរងផលប៉ះពាល់ដោយទឹកជំនន់

ចែករំលែក៖

សារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងត្បូង បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសលោក Sun Nahm Kook បញ្ជាក់ថា កូរ៉េខាងជើងបានប្រមូលនៅធុនធានទាំងអស់សម្រាប់កម្មវិធីបរមាណូ ដោយមិនបានជួយដល់ពលរដ្ឋដែលកំពុងតែរងផលប៉ះពាល់ដោយទឹកជំនន់នោះឡើយ។ ចំណុចទាំងនោះធ្វើឲ្យទីក្រុងសេអូល នឹងមិនផ្តល់ជំនួយមនុស្សធម៌ដល់កូរ៉េខាងជើងតាមសំណើរ។

ភាគីកូរ៉េខាងត្បូង បានបញ្ជាក់ថា ប្រាក់ចំណាយសម្រាប់ការសាកល្បងគ្រាប់បែកបរមាណូនិងបាញ់បង្ហោះមីស៊ីល២២គ្រាប់ នៅក្នុងឆ្នាំនេះគិតជាទឹកប្រាក់ជាង ២០០លានដុល្លារអាមេរិក ។ ទឹកប្រាក់ទាំងនោះមានច្រើនជាការខូចខាត់បង្កឡើងដោយទឹកជំនន់ ។ លើសពីនេះទៅទៀតការដែលកូរ៉េខាងជើងផ្តល់អទិភាពទៅលើកម្មវិធីបរមាណូ  ដោយមិនយកចិត្តទុកដាក់និងជីវភាពរស់នៅរបស់ពលរដ្ឋជារឿងមួយមិនអាចលើកលែងឲ្យបានឡើយ។

សារព័ត៌មានកូរ៉េខាងជើងបានផ្សាយថា គ្រោះទឹកជំនន់លើកនេះមានទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានក្នុងរយៈពេលជាង៥០ឆ្នាំកន្លងមក បានសម្លាប់មនុស្ស ១៣៨នាក់ និងជាង ៤០០នាក់បាត់ខ្លួន។

ការបដិសេធផ្តល់ជំនួយរបស់កូរ៉េខាងត្បូង កើតឡើងក្រោយពេលដែលទីក្រុងព្យុងយ៉ាង បានស្នើដល់សហគមន៍អន្តរជាតិផ្តល់ជំនួយដល់ពលរដ្ឋដែលរង្គ្រោះដោយទឹកជំនន់។

ក្រោយការសាកល្បងគ្រាប់បែកបរមាណូកូរ៉េខាងជើង បានធ្វើឲ្យសហគមន៍អន្តរជាតិខឹងសម្បាយ៉ាងខ្លាំងហើយពេលនេះប្រឈមនឹងគ្រោះទឹកជំនន់មិនធ្លាប់មានតាំងពីសង្គ្រាមលោកលើកទីពីរ មកធ្វើឲ្យកូរ៉េខាងជើង ត្រូវអំពាវនាវរកជំនួយពីបរទេស។ ប៉ុន្តែការផ្តល់ជំនួយពីខាងក្រៅនោះគឺជារឿងដ៏លំបាកបំផុតដោយសារតែប្រទេសនេះទើប សាកល្បងគ្រាប់បែកបរមាណូ ។

ទីភ្នាក់ងារព័ត៌មាន KCNA ពុំបានរាប់ចំនួនជនរងគ្រោះស្លាប់និងអ្នកបាត់ខ្លួននៅក្នុងគ្រោះមហន្តរាយទឹកជំនន់នេះទេ។ ក៏ប៉ុន្តែយោងតាម អ.ស.ប. ជនរងគ្រោះស្លាប់ ដោយមហន្តរាយធម្មជាតិនេះមានចំនួន ១៣៨នាក់និងបាត់ខ្លួនចំនួន ៤០០នាក់ផ្សេង ទៀតនៅតាមបណ្តោយទន្លេ Tumen ។ ទន្លេ Tumen ដែលជាកន្លែងសម្គាល់ព្រំដែនរវាងកូរ៉េខាងជើង នៅលើត្រើយម្ខាង និងជាមួយប្រទេសចិន និងរុស្ស៊ីនៅលើត្រើយម្ខាងទៀត។

យោងតាម អ.ស.ប បានឲ្យដឹងថា ប្រជាជនកូរ៉េខាងជើង ជាច្រើនពាន់នាក់ត្រូវការជំនួយជាស្បៀងអាហារជាបន្ទាន់និងទីលំនៅសម្រាប់ជ្រកកោន ពីព្រោះទឹកជំនន់បានធ្វើឲ្យលិចលង់អន្តរាយខ្ទេចខ្ទីលំនៅដ្ឋានរបស់ប្រជាជន។ ទឹកជំនន់ដ៏កាចសាហាវដែលបណ្តាលមកពីព្យុះសង្ឃរា ដែលបានបោកបក់វាយលុកទៅលើភាគខាងជើងភូមិ Hamgyong កាលពីចន្លោះថ្ងៃទី២៩ ខែសីហា និងថ្ងៃទី០២ ខែកញ្ញា ជាគ្រោះមហន្តរាយមួយពុំដែលធ្លាប់មានឡើយ ចាប់តាំងពីកូរ៉េខាងជើង បានរំដោះផុតពីការកាន់កាប់របស់អាណានិគមជប៉ុននៅឆ្នាំ១៩៤៥ មក។ នេះជាការបញ្ជាក់បន្ថែមរបស់ KCNA។

នេះជាលើកទីមួយ ដែលទីភ្នាក់ងារព័ត៌មានផ្លូវការកូរ៉េខាងជើង នេះបានផ្តល់តួលេខពីចំនួនប្រជាជនកូរ៉េខាងជើងដែលបានគេចភៀសខ្លួនចេញពីភូមិស្រុករបស់ខ្លួន ចំនួន ៦៨.៩០០នាក់។ ក៏ប៉ុន្តែ អ.ស.ប. វិញបានរាប់ឃើញរហូតទៅដល់ ១០៧.០០០នាក់។

ម្យ៉ាងទៀតលំនៅដ្ឋានប្រជាជនយ៉ាងតិច ២៩.៨០០កន្លែង និងអគាររដ្ឋ ៩០០កន្លែងត្រូវរងអន្តរាយ រីឯកំណាត់ផ្លូវជាង ១៨០និងស្ពានជាង ៦០កន្លែង ក៏ត្រូវទទួលរងការខូចខាតយ៉ាងដំណំដែរ រួមទាំងនៅលើបណ្តាញអគ្គិសនីនិងផ្នែកទូរគមនាគមន៍។ KCNA ឆ្លៀតទាំងលើកអួតសរសើរគណបក្សកុម្មុយនីស្តកូរ៉េខាងជើងដែរ អំពីការសន្យាជួយជ្រោមជ្រែងរបស់គណបក្សនេះក្នុងការផ្គត់ផ្គង់យ៉ាងពេញទំហឹងដើម្បីការរៀបចំស្តារនិងសាងសង់តំបន់រងមហន្តរាយឡើងវិញ។

កូរ៉េខាងជើងគឺជាប្រទេសមួយដែលងាយបំផុតក្នុងការប្រឈមមុខនឹងគ្រោះមហន្តរាយធម្មជាតិ ពីព្រោះកូរ៉េខាងជើងមានការខ្វះខាតយ៉ាងសម្បើមនៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងផែនការរៀបចំឲ្យបានត្រឹមត្រូវល្អនៅក្នុងប្រទេស ជាពិសេសការប្រឈមមុខទល់នឹងគ្រោះទឹកជំនន់ដែលបណ្តាលមកពីការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ព្រៃភ្នំ។

មិនតែប៉ុណ្ណោះកូរ៉េខាងជើង គិតគូរតែនៅលើបញ្ហាមួយមុខគត់គឺមហិច្ឆតារបស់ខ្លួននៅក្នុងការសាងសង់កម្មវិធីនុយក្លេអ៊ែរ និងកម្មវិធីផលិតគ្រាប់មីស៊ីលអន្តរទ្វីបដែល កូរ៉េខាងជើងត្រូវចំណាយធនធានយ៉ាងសម្បើមនៅក្នុងប្រទេសដោយពុំខ្ចីគិតពីជោគវាសនារបស់ប្រជាជនខ្លួនដែលជួបនឹងគ្រោះអត់ឃ្លានយ៉ាងខ្លាំងនោះទេ៕

1-1 1-2 1-3

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print