ខេត្តព្រៃវែង៖ ពួកឈ្មួញបាននិងកំពុងសប្បាយដឹកជញ្ជូនឈើទៅប្រទេសវៀតណាមយ៉ាងគគ្រឹកគគ្រេងនៅក្នុងទឹកដីខេត្តព្រៃវែងនិងស្វាយរៀងដោយមិនរំខានដល់ សមត្ថកិច្ចឡើយ ។ នៅពេលបច្ចុប្បន្ននេះ គេសង្កេតឃើញមានរថយន្តយីឌុបធំៗរាប់សិបគ្រឿងក្នុង១យប់ៗសម្រុកដឹកជញ្ជូន ឈើប្រណីតឆ្លងកាត់ខេត្តព្រៃវែងឆ្ពោះ ទៅកាន់ខេត្តស្វាយរៀងដើម្បីនាំចេញបន្ត ទៅប្រទេសវៀតណាមក្នុងរូបភាពដាក់បន្លំជាមួយអុស និងឈើមានច្បាប់ ។
ក្រោយបែកធ្លាយរឿងឈើទាំងនេះគេបានរកឃើញទីតាំងលាក់ឈើប្រណីតដ៏ធំមួយនៅខាងក្រោយស្ថានីយប្រងមួយឈ្មោះ ឃ្លាំង ស្វាយ ដែលស្ថិតនៅក្នុងភូមិ ពោន ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង ។ នៅក្នុងឃ្លាំងនោះគេឃើញមានឈើគ្រប់ប្រភេទ និងមានចំនួនរាប់រយម៉ែត្រគូបដែលលាក់ទុកសម្រាប់់នាំចេញទៅប្រទេសវៀតណាម ។
ប្រជាពលរដ្ឋដែលរស់នៅក្បែរស្ថានីយប្រេងនោះបានឲ្យដឹងថា ជារៀងរាល់យប់ មានរថយន្តយីឌុបធំៗជាច្រើនបានដឹក ជញ្ជូនឈើចូលក្នុងស្ថានីយប្រេងខាងលើហើយរថយន្តផ្សេងទៀតក៏ដឹក បន្តនាំចេញ ទៅប្រទេសវៀតណាមតាមច្រករបៀង បុស្សមន ដោយមិនដែលឃើញមានសមត្ថ កិច្ចឬមន្ត្រីជំនាញណាហ៊ានចេញចាប់ឡើយ ដោយសកម្មភាពនេះបានកើតមានជាច្រើន ខែមកហើយ ។
ចំណែកឯសមត្ថកិច្ចមូលដ្ឋានបានលួចបង្ហើបថា ឈើទាំងអស់នេះគេដឹកមកពី ទីតាំងស្តារបាតអាងនៅខេត្តស្ទឹងត្រែង ចំណែកម្ចាស់ឈើត្រូវបានគេស្គាល់ថា ឈ្មោះឧកញ៉ា សាយ ដែលចូលហ៊ុនគ្នាជាមួយឈ្មួញរកស៊ីឈើម្នាក់ឈ្មោះ ចែ មុំ នៅខេត្ត កំពង់ធំ ហើយពេលមកដល់ទឹក ដីខេត្តស្វាយរៀងគឺមានមន្ត្រីនគរបាលម្នាក់ ឈ្មោះ រ៉ា ជាអ្នករត់ការបើកផ្លូវ និងលោក កឹង ម៉ៅ មេនគរបាលច្រកបុស្សមន ជាអ្នក បើកច្រកព្រំដែនចេញ ។
ជាក់ស្តែងកាលពីយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ គេក៏បាននាំឈើឆ្លងដែន ចូល ទៅប្រទេសវៀតណាមចំនួនជាង១០រថយន្តយីឌុបឯណោះហើយពួកគេបានចេញនៅយប់ថ្ងៃទី២១នេះជាង១០គ្រឿងទៀត ។
លោក គល់ សុវណ្ណ ហៅ អូន នាយ ខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្វាយរៀងបានឲ្យដឹងតាមទូរស័ព្ទថា ឈើទាំងអស់នៅក្នុងស្ថានីយប្រេងនោះមានចំនួនជាង១០០ ម៉ែត្រគូបគឺមានច្បាប់ត្រឹមត្រូវ ។ តែរឿងគេ លួចនាំចេញទៅប្រទេសវៀតណាមនោះលោកមិនដឹងទេ ទាល់តែគេប្រាប់បាន លោកដឹង ព្រោះលោកគ្មានមន្ត្រីប្រចាំការនៅច្រកព្រំដែនឡើយ ។
ដោយឡែកនៅឯច្រករបៀងដូង និង ច្រកឧបសម្ព័ន្ធបាត់ត្រាស់ ក្នុងស្រុករមាស ហែក ខេត្តស្វាយរៀង ក៏មានលួចនាំចេញឈើប្រណីតស្ទើររៀងរាល់យប់ដែរ ហើយ ត្រូវបានលោក សៅវណ្ណាមេប៉ុសិ៍្ដព្រំដែន ច្រកដូងអះអាងថាឈើទាំងនោះជារបស់ លោកមេយោធាខេត្តស្វាយរៀង ៕
ដោយ៖ ហេង នរិន្ទ្រ