គ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីន សរសើរនិងចាត់ទុកអ្នកគាំទ្រថាជា “កីឡាករទី១២” រាប់ម៉ឺននាក់សម្រុកទៅទីក្រុងម៉ៃអាមី មុនជួបកាបវែរ

ចែករំលែក៖

គ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីនលោក Lionel Scaloni បានថ្លែងសរសើរអ្នកគាំទ្ររបស់ខ្លួនថា ជា “កីឡាករទី១២” របស់ក្រុម ខណៈអ្នកគាំទ្ររាប់ម៉ឺននាក់បានធ្វើដំណើរទៅកាន់ទីក្រុង ម៉ៃអាមី មុនការប្រកួតវគ្គ ៣២ ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ FIFA World Cup 2026 ទល់នឹងក្រុម កាបវែរ នៅថ្ងៃសុក្រ។

ទីក្រុងម៉ៃអាមី គឺជាទីកន្លែងដែលប្រធានក្រុម Lionel Messi កំពុងលេងឱ្យក្លិប Inter Miami ចាប់តាំងពីឆ្នាំ២០២៣ ហើយនៅតំបន់ភាគខាងត្បូងរដ្ឋហ្វ្លរីដា មានជនជាតិអាហ្សង់ទីនរស់នៅប្រមាណ ៣០,០០០ នាក់ ដែលជាចំនួនច្រើនបំផុតនៅសហរដ្ឋអាមេរិក។

តាមការប៉ាន់ស្មាន អ្នកគាំទ្រអាហ្សង់ទីនដែលនឹងចូលរួមទស្សនាការប្រកួតនេះ អាចកើនដល់ជាង ៦០,០០០ នាក់ ហើយលោក Scaloni បានស្វាគមន៍ការគាំទ្រដ៏កក្រើកនេះថា “ខ្ញុំស្រឡាញ់ការគាំទ្ររបស់ពួកគេ។ យើងមានអារម្មណ៍ថាពួកគេតែងតែនៅពីក្រោយយើង ហើយវាធ្វើឱ្យក្រុមកាន់តែរឹងមាំ។ វាមិនមែនជាសម្ពាធទេ ប៉ុន្តែជាកម្លាំងចិត្ត។ ខ្ញុំសង្ឃឹមថាពួកគេនឹងរីករាយក្នុងការទស្សនាក្រុមរបស់ពួកគេ ហើយយើងក៏សង្ឃឹមថានឹងនាំមកនូវភាពសប្បាយរីករាយជូនពួកគេផងដែរ”។

លោកបានបន្ថែមថា៖ “អ្នកគាំទ្ររបស់យើង គឺជាកីឡាករទី១២។ កីឡាកររបស់យើងក៏ធ្លាប់ជាអ្នកគាំទ្រអាហ្សង់ទីនតាំងពីកុមារភាពដែរ។ ឥឡូវនេះពួកគេបានពាក់អាវជម្រើសជាតិ ហើយវាបង្ហាញពីអត្តចរិត និងស្មារតីរបស់ក្រុម”។

មុនការប្រកួត អាវពណ៌ខៀវ-ស ដែលជាអត្តសញ្ញាណរបស់ក្រុម “អាហ្សង់ទីន” ត្រូវបានគេឃើញពាសពេញទីក្រុងម៉ៃអាមី ខណៈអ្នកគាំទ្ររាប់រយនាក់បានប្រមូលផ្តុំគ្នានៅឆ្នេរសមុទ្រ ដើម្បីរៀបចំព្រឹត្តិការណ៍ “Banderazo” ឬពិធីលើកទឹកចិត្តក្រុមជម្រើសជាតិ។

ទង់ជាតិអាហ្សង់ទីន និងបដាដែលមានរូប Lionel Messi និងវីរបុរស Diego Maradona លើកពាន World Cup ត្រូវបានព្យួរតាមដើមឈើ ខណៈអ្នកគាំទ្របានអាំងសាច់គោបែបអាហ្សង់ទីន លេងស្គរ ច្រៀងបទលើកទឹកចិត្ត និងរាំអបអរសាទរយ៉ាងកក្រើក បន្ទាប់ពីភ្លៀងមួយមេបានរាំងស្ងប់។

...

ទោះបីលោក Scaloni បានអំពាវនាវឱ្យក្រុមប្រុងប្រយ័ត្នចំពោះក្រុម កាបវែរ ក៏ដោយ ប៉ុន្តែអ្នកគាំទ្រជាច្រើនមានទំនុកចិត្តខ្ពស់លើក្រុមរបស់ខ្លួន។
អ្នកគាំទ្រម្នាក់ឈ្មោះ Geronimo Guenen បាននិយាយថា៖ “ខ្ញុំជឿថាអាហ្សង់ទីននឹងឈ្នះ ៣-០ ឬ ២-០។ យើងមានគ្រប់យ៉ាងដើម្បីឈ្នះ មានក្រុមដ៏រឹងមាំ ហើយ Messi ក៏កំពុងស្ថិតក្នុងទម្រង់លេងដ៏ល្អ។ យើងអាចប្រកួតជាមួយក្រុមណាក៏បាន៕”

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print