ខេត្តស្វាយរៀង៖ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃំុដូង ស្រុករមាសហែក កាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ បានរៀបចំកម្មវិធីបើកបង្រៀនបច្ចេកទេសព័ត៍មានវិទ្យាដល់ក្រុមការងារបក្ស ក្រោមអធិបតី លោក ហុង វិណុល អនុប្រធានគណៈពង្រឹងស្រុករមាសហែក និងជាប្រធានក្រុមការងារគណៈពង្រឹងចុះជួយឃុំដូង ដោយមានការចូលរួមពីក្រុមការងារ និងមេភូមិ ក្រុមយុវជនតាមភូមិជាច្រើននាក់។
កម្មវិធីបើកបង្រៀននេះបានផ្តល់អត្ថប្រយោជន៍ខ្ពស់ដល់ក្រុមការងារភូមិ ក្រុមយុវជនតាមភូមិ ដើម្បីអោយពួកគាត់ទទួលបាននូវការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ព័ត៍មានវិទ្យា ងាយស្រួលក្នុងការផ្តល់ព័ត៍មានទាន់ពេលវេលាជុំវិញបញ្ហា សន្តិសុខ ស្ថានភាពរស់នៅប្រចាំថ្ងៃ ការបង្កបង្កើនផលឬការជួបគ្រោះអាសន្ន គ្រោះរាំងស្ងួតអ្វីជាដើម ត្រូវបញ្ជូនព័ត៍មានទាំងនេះពីមូលដ្ឋានអោយក្រុមការងារថ្នាក់លើបានដឹង ចុះជួយអន្តរាគមន៍បានទាន់ពេលវេលា។
កម្មវិធីបង្រៀននេះផងដែរ លោក ប្រធានក្រុមការងារគណៈពង្រឹងចុះជួយឃុំដូង ក៏បានសាកសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋ ទាំងពីការបង្កបង្កើនផលស្រូវដំណាំ និងបានចែកជូនដល់ក្រុមការងារភូមិ ក្រុមការងារយុវជនតាមភូមិ ចំនួន២៦នាក់ ក្នុងម្នាក់ៗទទួលបានទូរស័ព្ទចំនួនមួយគ្រឿង។
លោក ហុង វិណុល អនុប្រធានគណៈពង្រឹងស្រុករមាសហែក និងជាប្រធានក្រុមការងារគណៈពង្រឹងចុះជួយឃុំដូង បានមានប្រសាសន៍ ជម្រុញអោយក្រុមការងារតាមភូមិ ក្រុមយុវជនភូមិទាំងអស់ត្រូវអញ្ជើញបងប្អូនប្រជាពលរដ្ឋអោយទៅធ្វើអត្តសញ្ញាណប័ណ្ណ ទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នា៕
ដោយ៖សុខ ខេមរា