ខេត្តកំពង់ឆ្នាំង៖ មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានឲ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែកក្កដានេះថា ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលនីតិវិធីពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាចោរម្នាក់។
មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា យោងតាមបទល្មើសជាក់ស្ដែង និងបណ្ដឹងបរិហារ នៅវេលាម៉ោង០២:៣០ នាទីទៀបភ្លឺ ថ្ងៃទី១៧ ខែកក្កដា ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមានជ័យ ចំនួន០៤នាក់ មធ្យោបាយរថយន្តចំនួន០១គ្រឿង ដឹកនាំដោយលោកអនុសេនីយ៍ទោ យិន វណ្ណៈ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះស្រាវជ្រាវស៊ើបអង្កេតករណីអំពើ”លួច” ប្រព្រឹត្តកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង០២.៣០នាទីទៀបភ្លឺ នៅចំណុចភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់មានឈ្មោះ លី វឹងគូតែវ ភេទប្រុស អាយុ៣៣ឆ្នាំ សញ្ជាតិ វៀតណាម មានអាសយដ្ឋានរស់នៅភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សម្ភារៈវត្ថុតាងដកហូតរួមមាន÷
១.ទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាកVIVO ពណ៌ទឹកប៊ិក។
២.ប៉ុស្ដិ៍ផ្សារដែកចំនួន០១គ្រឿង។
៣.ខ្សែព្រឺភ្លើង ចំនួន០៦ដុំ។
ក្រោយពីការិយាល័យជំនាញបានសាកសួរ និងស្ដាប់ចម្លេីយរួចមក ជនសង្ស័យបានសារភាពថា នៅថ្ងៃកេីត ហេតុទី១៧ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង០២:៣០ នាទីទៀបភ្លឺ ខ្លួនពិតជាបានចូលទៅក្នុងផ្ទះរបស់ឈ្មោះ សួន ផល្លា ភេទស្រី អាយុ៤២ឆ្នាំធ្វើសកម្មភាពលួចយកសម្ភារៈជាងសំណង់មានប៉ុស្តិ៍ផ្សារ និងខ្សែព្រីភ្លើងរបស់ម្ចាស់ផ្ទះខាងលើពិតប្រាកដមែន ហើយជនសង្ស័យឈ្មោះ លី វឹងគូតែវ ខាងលេីនេះគឺជាមុខសញ្ញាលួចយ៉ាងសកម្មនៅក្នុងភូមិសាស្ត្រខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ផងដែរ។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងខាងលើ ការិយាល័យជំនាញបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការដើម្បីបន្តនីតិវិធី៕
ដោយ៖ សុរិយា










