ខេត្តពោធិ៍សាត់៖ នៅមណ្ឌលអប់រំកែប្រែទី៤ ខេត្តពោធិ៍សាត់ លោកបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូ ដែលមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ និងលោកអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ចុះពិនិត្យមើលការអនុវត្តទោសរបស់ទណ្ឌិតជាក្មេងទំនើង ដែលបានផ្ទេរទៅអនុវត្តទោសបន្តនៅ មណ្ឌលអប់រំកែប្រែទី៤ (ខេត្តពោធិ៍សាត់) តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
គួរបញ្ជាក់ផងដែរថា ទណ្ឌិតជាក្មេងទំនើងចំនួនជាង ៦០០ នាក់ ត្រូវបានផ្ទេរទៅអនុវត្តទោសបន្តនៅមណ្ឌលអប់រំកែប្រែទី៤ នាខេត្តពោធិ៍សាត់ ក្រោមការសម្របសម្រួលរបស់ក្រសួងយុត្តិធម៌ ដើម្បីចូលរួមក្នុងការបណ្តុះបណ្តាលលើការងារកសិកម្ម និងការងារសំណង់ សម្រាប់ផលិតស្បៀង និងជាឧបករណ៍បេតុង ដែលជាតម្រូវការចាំបាច់នៅកម្លាំងជួរមុខក្នុងការការពារខឿនអធិបតេយ្យភាពជាតិ។
ជាលទ្ធផលនៃការអនុវត្តយន្តការនេះ ទណ្ឌិតជាក្មេងទំនើងទាំងអស់បានបង្ហាញនូវស្មារតីភ្ញាក់រលឹក ខិតខំប្រឹងប្រែងកសាងខ្លួន និងបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តការងារជំនាញដែលបានបណ្តុះបណ្តាល ប្រកបដោយការទទួលខុសត្រូវ និងលទ្ធផលផ្លែផ្កាគួរឱ្យកត់សម្គាល់។
ការចុះពិនិត្យនាពេលនេះ ធ្វើឡើងក្នុងគោលបំណងវាយតម្លៃលើការអនុវត្តយន្តការនេះ រាយការណ៍ជូន លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងសុំគោលការណ៍ដឹកនាំបន្តលើទស្សនវិស័យនេះ៕
ដោយ៖តារា










