ខេត្តបន្ទាយមានជ័យ៖ លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចម្រុះ ចុះត្រួតពិនិត្យរដ្ឋបាលតាមអគារស្នាក់នៅចំនួន៣ទីតាំងនៅក្រុងប៉ោយប៉ែត តែរកមិនឃើញជនបរទេសបានចាកចេញអស់ និងពុំមានសម្ភារៈសង្ស័យដែលជាសញ្ញាណនៃការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នោះទេ។
ជាក់ស្ដែងក្នុងប្រតិបត្តិការនេះក្រោមការដឹកនាំពីលោក អុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
របាយការណ៍របស់រដ្ឋបាលខេត្ត បានបញ្ជាក់ថា ទីតាំងទាំង៣រួមមាន៖
*ទីតាំងទី១ (ម្ចាស់ តែ ស៊ាវភីង) សណ្ឋាគារ ដាយម៉ិន អិលខេ កម្ពស់១២ជាន់ ៧២បន្ទប់ ហល៤ ស្ថិតនៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ជនបរទេសបានចាកចេញអស់ ពុំមានសម្ភារៈសង្ស័យ អប់រំ។
*ទីតាំងទី២ (ម្ចាស់ តែ ជីឡេង) អគារកម្ពស់៨ជាន់ ៦០បន្ទប់ ហល៣ ស្ថិតនៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត
ជនបរទេសបានចាកចេញអស់ ពុំមានសម្ភារៈសង្ស័យ អប់រំ។
*ទីតាំងទី៣ (ម្ចាស់ សុង ដារ៉ា) សណ្ឋាគារស្ដាររីយ៉ា កម្ពស់១២ជាន់ ៦៩បន្ទប់ ហល១ ស្ថិតនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ជនបរទេសបានចាកចេញអស់ ពុំមានសម្ភារៈសង្ស័យ អប់រំ៕










