ស្នងការនគរបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តប្រជាពលរដ្ឋរាយការណ៍បទល្មើសឆបោកអនឡាញ

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖​ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក គង់ គឹមនី អភិបាលខេត្ត​ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត​មណ្ឌលគិរី, លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានលើកទឹកចិត្តប្រជាពលរដ្ឋក្នុងការចូលរួមទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។

ដើម្បីជាការលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋល្អ ដែលបានរាយការណ៍មកសមត្ថកិច្ចនគរបាលអំពីទីតាំងស្នាក់នៅប្រមូលផ្តុំដែលសង្ស័យ ឬប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams), កម្លាំងមានការរក្សាការសម្ងាត់ជូន ព្រមទាំងត្រៀមថវិកាសម្រាប់លើកទឹកចិត្តទាំងនេះ។

សកម្មភាពនេះ គឺដើម្បីចូលរួមក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ នៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី​ ស្របតាមអនុក្រឹត្យលេខ​ ០៣​ អនក្រ.បក​ របស់រាជរដ្ឋាភិបាលកម្ពុជា​។
ក្នុងស្មារតីនេះ លោក គង់ គឹមនី អភិបាលខេត្ត​មណ្ឌលគិរី​ បានឧបត្ថម្ភថវិកាចំនួន​ ១,០០០,០០០រៀល​ និងលោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្ត​ បានឧបត្ថម្ភថវិកាចំនួន​ ៤០០,០០០រៀល​ សរុបថវិកាចំនួន ១,៤០០,០០០រៀល។

ថវិកាទាំងនេះ នឹងត្រូវទុកសម្រាប់លើកទឹកចិត្តជូនដល់ប្រជាពលរដ្ឋដែលបានរាយការណ៍អំពីបទល្មើសខាងលើនេះ។
ការចូលរួមរបស់ប្រជាពលរដ្ឋ គឺជាកត្តាសំខាន់ក្នុងការធានាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងទប់ស្កាត់បទល្មើសនានា ជាពិសេសបទល្មើសបច្ចេកវិទ្យាដែលកំពុងរីករាលដាល៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print