ភ្នំពេញ៖ ថ្លែងក្នុងពិធីអញ្ជើញបើកកិច្ចប្រជុំមុខងារសាធារណៈអាស៊ានលើកទី២៣ និងអាស៊ានបូក៣លើកទី៨ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលអាណត្តិទី៧ ផ្តល់អទិភាពខ្ពស់ដល់ «អភិបាលកិច្ច និងកំណែទម្រង់» គឺជាស្នូលនៃរបៀបវារៈអភិវឌ្ឍន៍ជាតិ ក្រោមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលផ្តោតលើអាទិភាពយុទ្ធសាស្ត្រចំនួនប្រាំ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កំណែទម្រង់រដ្ឋបាលសាធារណៈរបស់កម្ពុជាមានឫសគល់ចេញពីដំណើរដ៏ពិសេសមួយ គឺការស្តារឡើងវិញ ការកសាងជាតិ និងការកសាងសន្តិភាព។ បន្ទាប់ពីការបំផ្លិចបំផ្លាញស្ទើរតែទាំងស្រុងនៃស្ថាប័ននានាក្រោមរបបខ្មែរក្រហម ប្រទេសកម្ពុជាបានចាប់ផ្តើមកសាងប្រទេសឡើងវិញពីបាតដៃទទេ បន្ទាប់ពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ តាមរយៈប្រមូលផ្តុំធនធានមនុស្ស និងបញ្ញាវន្តដែលនៅមានជីវិត។
សម្តេចធិបតី ថ្លែងបន្តថា ដំណើរការនៃការស្តារឡើងវិញនេះបានឈានដល់គោលនយោបាយឈ្នះ-ឈ្នះជាប្រវត្តិសាស្ត្ររបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានបញ្ចប់ជម្លោះស៊ីវិលរាប់ទសវត្សរ៍នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ សន្តិភាពដែលសម្រេចបានដោយលំបាកនេះ បានក្លាយជាមូលដ្ឋានគ្រឹះនៃស្ថិរភាពរបស់កម្ពុជា ដោយផ្តល់នូវគ្រឹះដ៏សំខាន់សម្រាប់រដ្ឋបាលសេវាសាធារណៈទំនើប ការកសាងជាតិឡើងវិញ និងការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលវែង។
សម្តេចធិបតី ក៏បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ដំណើរនៃការស្តារជាតិឡើងវិញ និងការកសាងសន្តិភាពនោះ គឺជាមូលដ្ឋានគ្រឹះដែលកិច្ចខិតខំប្រឹងប្រែងកំណែទម្រង់របស់កម្ពុជាបានរីកចម្រើន ហើយវានៅតែបន្តកំណត់ទស្សនវិជ្ជាដែលដឹកនាំយើងសព្វថ្ងៃនេះ។ ក្នុងការជំរុញកំណែទម្រង់រដ្ឋបាលសាធារណៈ ទស្សនវិជ្ជាដ៏សំខាន់របស់កម្ពុជា គឺតែងតែផ្តោតជាចំបងលើសុខុមាលភាពរបស់ជាតិ និងប្រជាជន។ ទោះបីយើងមកពីប្រទេសផ្សេងៗគ្នា ខ្ញុំជឿជាក់យ៉ាងមុតមាំថាគោលការណ៍ស្នូលរបស់យើងគឺដូចគ្នា គឺ៖ «លះបង់បម្រើប្រជាជនដោយស្មោះត្រង់ និងមិនងាករេ»។ រាជរដ្ឋាភិបាលអាណត្តិទី៧ ផ្តល់អទិភាពខ្ពស់ដល់ «អភិបាលកិច្ច និងកំណែទម្រង់» គឺជាស្នូលនៃរបៀបវារៈអភិវឌ្ឍន៍ជាតិរបស់យើងក្រោមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលផ្តោតលើអាទិភាពយុទ្ធសាស្ត្រចំនួនប្រាំ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា»។
ជាមួយគ្នានេះ សម្តេចធិបតី បានថ្លែងបន្តថា ការបំប្លែងចក្ខុវិស័យនេះទៅជាសកម្មភាពទាមទារឱ្យមានរដ្ឋបាលសាធារណៈដែលមានសមត្ថភាពអនុវត្តអាទិភាពទាំងនេះដោយកម្លាំង ប្រាជ្ញា និងសុចរិតភាពខ្ពស់។ ដើម្បីកសាងរដ្ឋបាលសាធារណៈដែលកាន់តែមានសមត្ថភាព កាន់តែរឹងមាំ កាន់តែឆ្លាតវៃ និងកាន់តែស្អាតស្អំ រាជរដ្ឋាភិបាលកំពុងអនុវត្តវិធានការកំណែទម្រង់សំខាន់ៗចំនួន៣៖
-ទី១៖ ប្រទេសជាតិបានពង្រឹងប្រព័ន្ធជ្រើសរើសមន្ត្រីរាជការឱ្យមានលក្ខណៈផ្អែកលើគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព តាមរយៈការអនុវត្តដោយជោគជ័យនូវនីតិវិធីប្រតិបត្តិស្តង់ដារ (SOP) ដ៏ជាក់លាក់មួយ។
-ទី២៖ ការពង្រឹងសមត្ថភាព និងស្ថាប័ន ដើម្បីបង្កើនគុណភាពការងារប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ដោយមានការគូសបញ្ជាក់តាមរយៈការត្រួតពិនិត្យមុខងារស៊ីជម្រៅ និងការបង្កើតបណ្តាញអគ្គលេខាធិការ ដើម្បីពង្រឹងការសម្របសម្រួលរវាងក្រសួង និងស្ថាប័ននានា។
-ទី៣៖ ការកែលម្អប្រព័ន្ធលើកទឹកចិត្តផ្អែកលើសមិទ្ធផល ដើម្បីធានានូវភាពស៊ីសង្វាក់គ្នា សមធម៌ និងប្រសិទ្ធភាព ដោយកំណត់សូចនាករសំខាន់ៗនៃសមិទ្ធផល (KPIs) ច្បាស់លាស់ ដែលត្រូវបានរៀបចំឡើងដើម្បីជំរុញមន្ត្រីរាជការឱ្យធ្វើការលឿនជាងមុន ប្រកបដោយប្រសិទ្ធភាព និងបុរេសកម្មក្នុងការផ្តល់សេវា ជាពិសេសនៅក្នុងវិស័យអាទិភាពដូចជា វិស័យអប់រំ និងសុខាភិបាល។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា កំណែទម្រង់រដ្ឋបាលសាធារណៈ គឺជាស្នូលនៃការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។ នៅកម្ពុជា ការកែទម្រង់ឆ្លងវិស័យដ៏សំខាន់មួយក្នុងចំណោមប្រាំ រួមជាមួយនឹងកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់តុលាការ និងកំណែទម្រង់ច្បាប់ ដែលជាផ្នែកសំខាន់នៃចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ រួមគ្នាកិច្ចខិតខំប្រឹងប្រែងជាយុទ្ធសាស្ត្រទាំងនេះបាននាំមកនូវវឌ្ឍនភាព គួរឱ្យកត់សម្គាល់រួចទៅហើយ តាមរយៈការលើកកម្ពស់គុណភាពនៃការជ្រើសរើសមន្ត្រីរាជការ ពង្រឹងសមិទ្ធផលស្ថាប័ន និងស្តង់ដារវិជ្ជាជីវៈ ព្រមទាំងបង្កើតប្រព័ន្ធលើកទឹកចិត្តដែលមានប្រសិទ្ធភាព និងផ្អែកលើសមិទ្ធផលកាន់តែប្រសើរ។
សូមជម្រាបថា យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ បានកំណត់យកអាទិភាពគន្លឹះចំនួនប្រាំ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ និងឆ្ពោះទៅសម្រេចចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០៖
-មនុស្ស៖ ផ្តោតលើការអភិវឌ្ឍធនធានមនុស្ស សុខភាព សុខុមាលភាព និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។
-ផ្លូវ៖ ពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធគוនាទសចរណ៍ ផ្លូវថ្នល់ ផ្លូវល្បឿនលឿន និងភស្តុភារកម្ម។
-ទឹក៖ ការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងប្រព័ន្ធគ្រប់គ្រងធនធានទឹកសម្រាប់កសិកម្ម និងជីវភាព។
-ភ្លើង៖ ការធានាស្ថិរភាព និងតម្លៃថាមពលអគ្គិសនីឱ្យបានទូលំទូលាយ។
-បច្ចេកវិទ្យា៖ ការចាប់យកបច្ចេកវិទ្យាឌីជីថល និងការបង្កើតថ្មី ដែលជាអាទិភាពបន្ថែមថ្មីក្នុងដំណាក់កាលនេះ៕
ដោយ៖តារា










