យុទ្ធសាស្ត្របត់បែនឆ្លើយតបទៅនឹងបញ្ហាប្រឈមពីខាងក្រៅនិងខាងក្នុងដើម្បីពង្រឹងភាពធន់នៃវិស័យទេសចរណ៍កម្ពុជា

ចែករំលែក៖

ខេត្តសៀមរាប៖ ក្រោយពេលសង្គ្រាមនៅអ៊ីរ៉ង់ផ្ទុះឡើង បានធ្វើឱ្យកើនឡើងថ្លៃប្រេងឥន្ធនៈដែលជះឥទ្ធិពលដល់ការធ្វើដំណើរអន្តរជាតិ ឥទ្ធិពលព័ត៌មានអវិជ្ជមាន និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាព្រមទាំងបញ្ហា ប្រឈមពីខាងក្នុងគឺបញ្ហាព្រំដែនកម្ពុជា-ថៃ បានប៉ះពាល់ដល់ វិស័យទេសចរណ៍កម្ពុជា។

 

រហូតមកដល់ពេលនេះ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា បានបើកកិច្ចប្រជុំចំនួនលើកទី១០ហើយដើម្បីដាក់ចេញនូវយុទ្ធសាស្ត្រនិងវិធានការគន្លឹះបន្ទាន់ៗដើម្បីស្តារនិងពង្រឹងភាពធន់នៃវិស័យទេសចរណ៍កម្ពុជា។ ដូចជាបានដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ៗ ដើម្បីស្តារទំនុកចិត្ត និងទាក់ទាញទេសចរអន្តរជាតិមកកម្ពុជា ដែលមានជាអាទិ៍៖ ការពង្រីកទីផ្សារទេសចរណ៍ផ្ទាល់ និងទីផ្សារ «បូក១» តាមរយៈវៀតណាម និងសិង្ហបុរី និងទីផ្សារសក្តានុពលផ្សេងទៀត, ការកសាងទំនុកចិត្តរបស់ទេសចរអន្តរជាតិ តាមរយៈការពង្រឹងការផ្សព្វផ្សាយជាមួយស្ថាប័នសារព័ត៌មានអន្តរជាតិធំៗ និងការអញ្ជើញអ្នកសារព័ត៌មានអន្តរជាតិ ក្រុមហ៊ុនទេសចរណ៍អន្តរជាតិ និងអ្នកបង្កើតមាតិកាបរទេសល្បីៗមកទស្សនាកម្ពុជា ព្រមទាំងការជំរុញការងារភាពយន្តទេសចរណ៍។

 

ជាមួយគ្នានេះ កម្ពុជាត្រូវទាញយកអត្ថប្រយោជន៍ពីគោលនយោបាយលើកលែងទិដ្ឋាការចិនរយៈពេល៤ខែ, កិច្ចប្រជុំកំពូលហ្វ្រង់កូហូនីនៅកម្ពុជា, ការប្រកួតវគ្គផ្តាច់ព្រ័តកីឡាវាយកូនគោលលំដាប់ពិភពលោក Legend Tours 2026, ព្រឹត្តិការណ៍កីឡាទេសចរណ៍ និង ព្រឹត្តិការណ៍ប្រគំតន្ត្រីអន្តរជាតិមួយចំនួនទៀតនៅអំឡុងឆមាសទី២ ឆ្នាំ២០២៦ និង ដើមឆ្នាំ២០២៧។

 

ដោយឡែកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមការងារផ្នែកទេសចរណ៍ (ក្រុម «ខ») នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន កាលពីថ្ងៃទី៤សីហាបានលើក វិធានការចំនួន២២ ដែលក្នុងនោះវិធានការចំនួន២ បានចាប់អនុវត្តគឺការអភិវឌ្ឍតំបន់ភ្នំគូលែនជាតំបន់ទេសចរណ៍ធម្មជាតិនិងការអភិវឌ្ឍខ្សែក្រវាត់បៃតង នៅតំបន់ទេសចរណ៍ និងពង្រឹងប្រសិទ្ធភាពខ្សែច្រវាក់ផលិតកម្មកសិកម្ម ក្នុងគោលដៅជំរុញទេសចរក្នុងស្រុក។

 

សូមរម្លឹកថាកាលពីថ្ងៃទី៣០ ខែកក្កដា ស្ថាប័នរដ្ឋ៤បានជំរុញផលិតផលសិប្បកម្មទេសចរណ៍ និងវត្ថុអនុស្សាវរីយ៍ខ្មែរដើម្បីចូលរួមលើកស្ទួយវិស័យទេសចរណ៍ ដោយក្រសួងពាណិជ្ជកម្មបានណែនាំឲ្យផលិតផលខ្មែរត្រូវមានផ្លាកសញ្ញាផលិតនៅកម្ពុជា Made in Cambodia ក្រសួងវប្បធម៌លើកទឹកចិត្តឲ្យផលិតផលខ្មែរបង្ហាញនូវអត្តសញ្ញាណជាតិ ក្រសួងឧស្សាហកម្មណែនាំឲ្យផលិតផលខ្មែរមានស្តង់ដារ ខណៈ ក្រសួងទេសចរណ៍ ចង់បានផលិតផលខ្មែរដើរតួនាទីជា ការទូតទេសចរណ៍៕ដោយ៖តារា

...

ប្រភព៖ អេបក្រសួងព័ត៌មាន (MoINFO APP)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print