ខេត្តស្វាយរៀង៖ កំលាំងនគរបាលរដ្ឋបាលសង្កាត់សង្ឃ័រ ឃាត់បានក្មេងទំនើង ម្នាក់ យកមកអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីធ្វើការសាកសួរ ករណីជិះដេកលើម៉ូតូ និងបំពាក់បំពង់ស៊ីមាំងឮ។
នគរបាលក្រុងស្វាយរៀងបានអោយដឹងថា ក្មេងទំនើងមានឈ្មោះ ភឹម មិថុនា អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិអង្គពក ឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង។
សមត្ថកិច្ចបញ្ជាក់ទៀតថា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង២និង២០នាទីរសៀល សមត្ថកិច្ច បានទទួលព័ត៌មានថា នៅត្រង់ចំណុចផ្លូវជាតិលេខ១៣ ស្ថិតក្នុងភូមិធ្លក សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង មានករណីក្មេងទំនើង ជិះដេកលើម៉ូតូ និងបំពាក់បំពង់ស៊ីមាំងឮខ្លាំង ដោយជិះទិសដៅពីត្បូងទៅជើង។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សង្ឃ័រ បានជិះដេញតាមរហូតដល់ចំណុចសួនកម្សាន្ដ រីសតកូនកាត់ ស្ថិតក្នុងភូមិព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ក៏ឃាត់បានក្មេងទំនើងម្នាក់ រួមទាំងម៉ូតូចំនួន០១គ្រឿង ម៉ាកម៉ិចសិនទ័រ ពណ៌ក្រហម ស៊េរីឆ្នាំ២០២១ ពាក់ផ្លាកលេខ ភ្នំពេញ ១LG-៩៩៦០ យកមកអធិការដ្ឋាននគរបាលក្រុងស្វាយរៀងដើម្បីធ្វើការសាកសួរ ។
ក្មេងទំនើង ខាងលើ បានឆ្លើយបំភ្លឺជូនសមត្ថកិច្ចថា ខ្លួនពិតជាបាន ជិះដេកលើម៉ូតូ និងបំពាក់បំពង់ស៊ីមាំងឮ ប្រាកដមែន។
បន្ទាប់ពីធ្វើការសាកសួររួច ដោយមានការឯកភាពពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង និងឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត អនុញ្ញាតអោយសមត្ថកិច្ចយើងបានធ្វើកិច្ចសន្យាអប់រំណែនាំ អោយឈប់ធ្វើសកម្មភាពដូចខាងលើបន្តទៀត រីឯម៉ូតូសមត្ថកិច្ចយើងបានធ្វើការដកហូតរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀងរយៈពេល០៣ខែ៕
ដោយ៖ សុថាន










