បារីក្លែងម៉ាក សំបកកញ្ចប់ និងសម្ភារវេចខ្ចប់បារីក្លែងម៉ាកប្រមាណ ៤០០តោន ត្រូវបានដុតបំផ្លាញចោល នៅខេត្តត្បូងឃ្មុំ 

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ បារីក្លែងម៉ាកសំបកកញ្ចប់និងសម្ភារវេចខ្ចប់បារីក្លែងម៉ាកប្រមាណ ៤០០តោន ត្រូវបានដុតបំផ្លាញចោល នៅខេត្តត្បូងឃ្មុំ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបការផលិត និងជួញដូរផលិតផលក្លែងក្លាយ ដែលប៉ះពាល់ដល់សុខភាពសាធារណៈ និងជាបទល្មើសមានហានិភ័យខ្ពស់។

 

ការដុតបំផ្លាញនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នៅភូមិត្រពាំងសង្កែ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយមានលោក លី សុផាណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតី ដោយអនុវត្តតាមអនុសាសន៍ដឹកនាំរបស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

 

ពិធីនេះរៀបចំឡើងដោយសមត្ថកិច្ចជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ និងមានការចូលរួមពីអភិបាលរងខេត្ត តំណាងស្ថាប័នអយ្យការ និងតុលាការ អគ្គស្នងការរង អង្គភាពចំណុះរដ្ឋបាលខេត្ត ថ្នាក់ដឹកនាំអង្គភាពជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាង HSI សហរដ្ឋអាមេរិកប្រចាំកម្ពុជា តំណាងចក្រភពអង់គ្លេស ភ្នាក់ងារអនុវត្តច្បាប់អន្តរជាតិ និងតំណាងក្រុមហ៊ុនម្ចាស់ម៉ាកពាក់ព័ន្ធ។

 

បារីក្លែងម៉ាក និងសម្ភារពាក់ព័ន្ធដែលត្រូវបានដុតបំផ្លាញ មានជាង ៦០ម៉ាក រួមមាន Marlboro, ESSE, MEVIUS, 555 បារីចិន និងបារីពាក់ម៉ាកបរទេសជាច្រើនទៀត។

 

វត្ថុតាងទាំងនេះ ត្រូវបានសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងក្រោមការដឹកនាំសម្របសម្រួលរបស់តំណាងអយ្យការខេត្ត ស្រាវជ្រាវ និងបង្ក្រាបបាននៅទីតាំងរោងចក្រ ២កន្លែង និងឃ្លាំងស្តុក ១កន្លែង កាល ពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ។

 

ការដុតបំផ្លាញបារីក្លែងម៉ាក និងសម្ភារពាក់ព័ន្ធនេះ មានគោលដៅបង្ការ ទប់ស្កាត់ និងបង្ក្រាបការផលិត ការជួញដូរ និងចរាចរផលិតផលក្លែងក្លាយ ដែលអាចបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ព្រមទាំងចូលរួមកាត់ផ្តាច់បណ្តាញឧក្រិដ្ឋកម្មឆ្លងដែន។

 

ជាមួយគ្នានេះ ការអនុវត្តវិធានការខាងលើក៏មានគោលបំណងធានាប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ការពារសុខមាលភាពប្រជាពលរដ្ឋ បង្កើនការគាំទ្រ និងទំនុកចិត្តពីវិនិយោគិន និងប្រជាពលរដ្ឋ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ និងក្រុមហ៊ុនម្ចាស់ម៉ាក។

 

សមត្ថកិច្ចបានបញ្ជាក់ថា ការបង្ក្រាបទីតាំងផលិតបារីក្លែងក្លាយ និងការដុតបំផ្លាញផលិតផលក្លែងម៉ាក នឹងបន្តធ្វើឡើងជាបន្តបន្ទាប់ ស្របតាមយន្តការច្បាប់ ដោយមានការគាំទ្រ និងសហការពីស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ ដៃគូអន្តរជាតិ និងក្រុមហ៊ុនម្ចាស់ម៉ាក។

 

វិធានការនេះត្រូវបានចាត់ទុកថា ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការលុបបំបាត់ផលិតផលក្លែងក្លាយ ការពារសុខមាលភាព និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ ព្រមទាំងចូលរួមពង្រឹងសេដ្ឋកិច្ចជាតិ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print