មណ្ឌលគិរី៖ ប្រជាពលរដ្ឋក្នុងក្រុងសែនមនោរម្យ ជាពិសេសភ្ញៀវទេសចរណ៍ ដែលមក កំសាន្តលេង ក្នុងខេត្តមណ្ឌលគីរី តែងតែរិះគន់ ពាក់ព័ន្ធទៅ និងភ្លើងអគ្គីសនី ដែលលំអរពេលយប់តាមសួនច្បារ ក៏ដូចជាដងផ្លូវ ក្នុងខេត្ត ថានៅពេលយប់គេឃើញតែបង្គោលភ្លើង ប៉ុន្តែ មិនមានភ្លើងបើកបំភ្លឺឡើយ ។
ប្រភពពីប្រជាពលរដ្ឋ បានលើកឡើងថា រង្វង់មូលគោព្រៃដែលជានិមិត្ត សញ្ញាតំណាងខេត្ត មណ្ឌលគិរី នៅពេលយប់ មានភាពងងឹត មើលមិនឃើញ ធ្វើអោយពួកគាត់មាន ការភ័យខ្លាច ក្នុងការធ្វើចរាចរណ៍ ទៅវិញទៅមក ពីព្រោះនៅជុំវិញរង្វង់មូល មានដុំគ្រួស ច្រើន ហាក់ដូចជា ការជួសជុលផ្លូវរង្វង់ មូលខុសបច្ចេកទេស ដែលអាចបង្កឲ្យ មានគ្រោះថ្នាក់ កើតឡើងនៅថ្ងៃ ណាមួយ មិនខាន ។
ចំណែកឯ សួនច្បារវិញក៏មិនខុសគ្នាដែរ គឺទិដ្ឋភាពនៅពេលយប់ គេឃើញមានតែបង្គោលភ្លើងប៉ុណ្ណោះ ប៉ុន្តែមិនមានភ្លើងបើកលំអឡើយ ហើយនៅតាមបង្គោលភ្លើងនិមួយៗ គេសង្កេតឃើញបង្គោល ខ្លះគ្មានអំពូលទេ។ នៅតាមសួនច្បារក្នុងក្រុង សែនមនោរម្យមានត្រឹម តែ ៣-៤ បង្គោលប៉ុណ្ណោះដែល ភ្លឺនៅពេលយប់ ចំណែកបង្គោលភ្លើងជាច្រើន ទៀត គឺមិនមានបំភ្លឺជាច្រើនខែមកហើយ ចាប់តាំងពីក្រោយឱកាស បុណ្យចូលឆ្នាំខ្មែររួចមក ។
អភិបាលក្រុងសែនមនោរម្យ លោក ឡុង វិបុល បានឲ្យអ្នកព័ត៍មានដឹងថា ចំពោះបញ្ហាភ្លើងសម្រាប់បើក លំអពេលយប់ នេះ គឺអាជ្ញាធរខេត្តជាអ្នក ទទួលបន្ទុកគ្រប់គ្រង។ ពាក់ព័ន្ធនឹងករណីនេះ អភិបាលខេត្តមណ្ឌលគិរី ឯកឧត្ដម អេង ប៊ុនហ៊ាង បានមានប្រសាសន៍ថាឯកឧត្ដមបានឲ្យមន្ត្រីអគ្គិសនី បើកភ្លើងលំអពេលយប់រៀង រាល់យប់ហើយ ។
យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ ក្នុងក្រុងសែនមនោរម្យក៏ បានសំណូមពរដល់អាជ្ញាធរខេត្ត ប្រសិនបើបង្គោលភ្លើងទាំងអស់នោះ ខូចអំពូល សូមមេត្តាជួសជុលបើកបំភ្លឺនៅពេលយប់ផង ព្រោះខេត្តមណ្ឌលគិរី ជាតំបន់ទេសចរណ៍ដ៏សំបូរបែប មានភ្ញៀវមកលេងកម្សាន្តរៀងរាល់ ថ្ងៃប៉ុន្តែបើងាកមកមើលសោភ័ណភាព ក្នុងក្រុងពេលយប់ សូម្បីភ្លើងលំអពេលយប់ ក៏គ្មានដែរ ៕
ដោយ៖ ឦសាន