សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ថ្លែងកោតសរសើរ និងអរគុណ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានខិតខំអភិវឌ្ឍន៍ប្រទេសជាតិ ការពារបូរណភាពទឹកដីដ៏មោះមុត ស្របតាមច្បាប់អន្តរជាតិ

ចែករំលែក៖

ខេត្តកណ្តាល៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាប្រធានក្រុមចលនាស្ត្រីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីវ័យក្មេង ប្រកបដោយថាមវន្ត និងចក្ខុវិស័យវែងឆ្ងាយ ក្នុងការធានាការពារបូរណភាពទឹកដី ក៏ដូចជាការបន្តធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ឈានឆ្ពោះទៅសម្រេចបានគោលដៅឆ្នាំ២០៣០ កម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

 

សម្តេចរដ្ឋសភាធិបតី មានប្រសាសន៍ដូច្នេះ នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងប្រកាសទទួលស្គាល់សមាសភាពក្រុមការងារចលនាស្ត្រីនៃក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងតាខ្មៅ ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ក្រុងតាខ្មៅ។ ក្នុងពិធីដែលមានអ្នកចូលរួមជាង ៣០០នាក់ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ទោះបីជាប្រឈមនឹងស្ថានការណ៍មួយ ដែលសកលលោកស្ថិតនៅក្នុងភាពមិនច្បាស់លាស់ ប្រែប្រួលឆាប់រហ័ស ហ៊ុមព័ទ្ធដោយសង្គ្រាម និងរងនូវសង្គ្រាមឈ្លានពានពីប្រទេសថៃយ៉ាងណាក្តី ក៏រាជរដ្ឋាភិបាលនៅតែរក្សាបាននូវសន្ទុះកំណើនសេដ្ឋកិច្ចយ៉ាងរឹងមាំ។

 

ជាក់ស្តែង ក្នុងឆ្នាំ២០២៥ សេដ្ឋកិច្ចកម្ពុជា សម្រេចបានកំណើន ៥.៣%។ សម្រាប់ឆ្នាំ២០២៦ អត្រាកំណើននេះ ត្រូវបានវាយតម្លៃថានឹងថមថយបន្តិចមកត្រឹមរង្វង់ ៤.២% ដោយសារឥទ្ធិពលនៃសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលធ្វើឱ្យប្រេងឥន្ធនៈឡើងថ្លៃ។ យ៉ាងណាមិញ ក្នុងរយៈពេលមធ្យម (២០២៧-២០២៩) សេដ្ឋកិច្ចជាតិនឹងងើបឡើងវិញជាសន្សឹមៗ ក្នុងអត្រាចន្លោះពី ៥% ទៅ ៥.៥% ដោយសារការរក្សាបាននូវកំណើនរឹងមាំនៃវិស័យឧស្សាហកម្ម កសិកម្ម និងការងើបឡើងវិញនៃវិស័យទេសចរណ៍ ក្រោយពីរាជរដ្ឋាភិបាលទទួលបានជោគជ័យក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលបានជួយស្តារទំនុកចិត្តអ្នកទេសចរ និងវិនិយោគិនឡើងវិញ។ ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានថ្លែងអរគុណជាទីបំផុតចំពោះទឹកចិត្តដ៏អង់អាចក្លាហាន និងការពលីរបស់វីរយុទ្ធជនក្នុងកិច្ចការពារបូរណភាពទឹកដី ហើយបានស្នើសុំដល់ក្រុមការងារទាំងអស់ បន្តចុះយកចិត្តទុកដាក់ខ្ពស់បំផុតជូនក្រុមគ្រួសារវីរយុទ្ធជន ដែលកំពុងបំពេញបេសកកម្មដើម្បីជាតិនៅសមរភូមិ និងគ្រួសារវីរយុទ្ធជនដែលបានពលីជីវិត។

 

សម្តេច ក៏បានលើកទឹកចិត្តដល់ក្រុមការងារ និងមន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់ក្នុងការផ្តល់សេវាទាំងឡាយជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាការដោះស្រាយបញ្ហាទាំងឡាយដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋ និងបន្តអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ។

 

សម្តេចប្រធានក្រុមចលនាស្ត្រីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល បាននាំយកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ដ្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ជូនសមាជិកានៃក្រុមចលនាស្ត្រីក្រុង បណ្តាញចលនាស្ត្រីសង្កាត់ និងភូមិទាំងអស់នៃក្រុងតាខ្មៅ ក៏ដូចជាប្រជាពលរដ្ឋផងដែរ។ សម្តេចរដ្ឋសភាធិបតីបានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំទាំងអស់ជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខ និងជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ហើយតែងតែនៅជាប់ជាមួយពលរដ្ឋទាំងអស់គ្នាគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ។ លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្ដាល និងជាប្រធានក្រុមការងារចលនាស្ត្រីគណបក្សខេត្ត ត្រូវបានតែងតាំងបន្ថែមជាប្រធានក្រុមការងារចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងតាខ្មៅ។

 

សម្តេចរដ្ឋសភាធិបតី មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានជួបសំណេះសំណាលដោយផ្ទាល់ជាមួយក្រុមការងារនាឱកាសនេះ។ នេះគឺជាលើកទី១៣ និងជាលើកចុងបញ្ចប់ជុំទី១ នៃការចុះសំណេះសំណាល និងប្រកាសសមាសភាពក្រុមការងារចលនាស្ត្រីរបស់សម្តេច ក្នុងនាមជាប្រធានក្រុមចលនាស្ត្រីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាលទៅតាមបណ្ដាក្រុង-ស្រុកទាំង១៣។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនក្រុមការងារទាំងអស់ ដែលតែងតែផ្ដល់ការគាំទ្រ និងបានបោះឆ្នោតជូនគណបក្សរហូតទទួលបានលទ្ធផលឈ្នះភ្លូកទឹកភ្លូកដី ឈានដល់ការដឹកនាំប្រទេសក្នុងនីតិកាលទី៧នេះ និងនៅក្នុងនីតិកាលបន្តបន្ទាប់ទៀត។ សម្តេចបានគូសបញ្ជាក់ថា ស្រ្តីជាដៃគូមិនអាចខ្វះបាននៅក្នុងសង្គម ដូច្នេះក្រុមចលនាស្ត្រីតាមស្រុក ក្រុង ឃុំ សង្កាត់ មានតួនាទីសំខាន់ណាស់នៅក្នុងការផ្សារភ្ជាប់សុខទុក្ខជាមួយពលរដ្ឋ និងជាសេនាធិការដ៏សំខាន់របស់គណបក្ស។

 

សម្តេចបានសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាពិសេស សម្តេចតេជោ ហ៊ុន សែន បានឱ្យតម្លៃខ្ពស់ចំពោះការចូលរួមចំណែកដ៏សំខាន់របស់ស្ត្រី។ សម្តេចតេជោ ដែលជាបិតាយេនឌ័រនៅកម្ពុជា ដែលបានចាត់ទុកស្ត្រីជាតួអង្គសំខាន់មិនអាចរំលងបានឡើយ។ ស្ត្រីជាឆ្អឹងខ្នងសេដ្ឋកិច្ច ហើយការជួយស្ត្រីគឺដូចជាជួយខ្លួនឯង។ ការលើកកម្ពស់សមភាពយេនឌ័រ ត្រូវបន្តផ្តល់អាទិភាពនៅក្នុងនីតិកាលទី៧នេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ពិភពលោកនឹងកាន់តែមានសុវត្ថិភាព ស្រស់បំព្រង និងកក់ក្តៅជាងមុន ប្រសិនបើមានស្ត្រីក្លាយជាអ្នកដឹកនាំកាន់តែច្រើន។

...

 

នៅមុនបញ្ចប់ពិធី សម្តេចរដ្ឋសភាធិបតី បានអំពាវនាវដល់សមាជិក សមាជិកាគណបក្សទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋ សូមបន្តជឿជាក់លើថ្នាក់ដឹកនាំ មាន សម្ដេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា និង សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបាននិងកំពុងយកចិត្តទុកដាក់ទប់ទល់ជាមួយការឈ្លានពានរបស់ប្រទេសថៃ តាមរយៈសមរភូមិការទូត និងយោធា គ្រប់រូបភាពតាមផ្លូវច្បាប់ នយោបាយ និងសាធារណៈមតិនានា ជុំវិញពិភពលោក ដើម្បីការពារយុត្តិធម៌ជូនប្រជាជាតិយើង៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print