ភ្នំពេញ៖ មានប្រសាសន៍ នៅក្នុងកម្មវិធី សន្និសីទព័ត៌មានស្តីពី «ដំណើរការសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2)» នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា អំឡុង ISC សម្តេចតេជោ ហ៊ុន សែន មានជំនួបរហូតដល់៩ ហើយប្រតិភូទាំងអស់ សុទ្ធតែបានកោតសរសើរសម្តេចតេជោ ក្នុងការដឹកនាំកន្លងមក ជាពិសេសពួកគេបានស្តាប់នូវសុន្ទរកថា ដ៏ជក់ចិត្តរបស់សម្តេចតេជោ ក្នុងពិធីបើកដំណើរការសន្និសីទប្រធានសភានៃអន្តរសភា (ISC)។
លោកអ្នកនាំពាក្យរូបនេះ បានថ្លែងបញ្ជាក់ថា «អនុញ្ញាតឲ្យខ្ញុំសង្ខេបជូននូវជំនួប របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងសន្និសីទប្រធានសភាព នៃអន្តរសភា សម្រាប់កម្ពុជារបស់យើងដែលធ្វើជាម្ចាស់ផ្ទះពេលនេះ។ សម្ដេចតេជោ ហ៊ុន សែន លោកមានជំនួបទ្វេភាគីរហូតដល់ទៅ៩ ដោយម្សិលមិញនេះ ខ្ញុំក៏បានសង្ខេបជូនខ្លះហើយដែលមានជំនួបចំនួន៥ ដោយឡែកព្រឹកមិញនេះ លោកទទួលជួបជាមួយប្រតិភូរហូតដល់៤ប្រទេស»។
លោក ជា ធីរិទ្ធ បានថ្លែងបន្ថែមថា សម្រាប់ជំនួបរបស់សម្ដេចតេជោ កាលពីម្សិលមិញគឺលោកបានជួបជាមួយប្រធានរដ្ឋសភារបស់ម៉ាឡេស៊ី ដែលជជែកលើកិច្ចសហប្រតិបត្តិការទ្វេភាគី និងតួនាទីរបស់កម្ពុជា ព្រមទាំងម៉ាឡេស៊ីក្នុងឆាកអន្ដរជាតិ ពិសេសការពង្រីកតួនាទីរបស់ ISC ដែលពេលនេះកំពុងដើរតួនាទីយ៉ាងសំខាន់។ សម្ដេចតេជោ ហ៊ុន សែន លោកលើកឡើងថា ដើរតួនាទីមួយអចិន្រ្ដៃ សម្រាប់ការដោះស្រាយបញ្ហារបស់ពិភពលោក។
លោក ជា ធីរិទ្ធ បានបញ្ជាក់ថា ជំនួបបន្ដសម្ដេចតេជោ ហ៊ុន សែន លោកបានជួបជាមួយប្រធានព្រឹទ្ធសភា របស់ឥណ្ឌូនេស៊ី ដោយបានជជែកលើកិច្ចសហប្រតិបត្តិការទ្វេភាគីរវាង រួមទាំងតួនាទីរបស់ ISC ពិសេសសង្កត់ធ្ងន់លើរៀបចំនៃការធ្វើជាម្ចាស់ផ្ទះ ដែលឥណ្ឌូនេស៊ីនឹងធ្វើជាម្ចាស់ផ្ទះនាឆ្នាំក្រោយនេះ ព្រមទាំងផ្លាស់ប្ដូរយោបល់គ្នាក្នុងការរៀបចំផងដែរ។
លោកបានបន្ថែមថា បន្ទាប់ពីនេះសម្ដេចតេជោ ហ៊ុន សែន ក៏បានបន្ដជួបជាមួយប្រធានរដ្ឋសភារបស់នេប៉ាល់ ដោយបានជជែកលើការពិភាក្សាលើបញ្ហាតំបន់ និងពិភពលោក ក្នុងឱកាសនោះលោកប្រធានរដ្ឋសភារបស់នេប៉ាល់ ក៏បានសម្ដេងនូវការអរគុណជាអនេក ចំពោះកម្ពុជាដែលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកម្មវិធី ISC បានយ៉ាងល្អ។ ប្រធានរដ្ឋសភានេប៉ាល់បានថ្លែងអរគុណចំពោះកម្ពុជា ដែលតែងតែជួយនេប៉ាល់កន្លងទៅ ទាំងអំឡុងពេលកូវីដ១៩ និងជួយពេលមានគ្រោះធម្មជាតិកើតឡើង។
លោក ជា ធីរិទ្ធ បានបញ្ជាក់បន្ថែមថា សម្ដេចតេជោ ហ៊ុន សែន លោកក៏បានបន្ដជួបជាមួយតំណាងសភាសហព័ន្ធរុស្សី សហព័ន្ធរុស្សីបានសម្ដែងការពេញចិត្ត ចំពោះតួនាទីរបស់កម្ពុជា ជាពិសេសសរសើរចំពោះតួអង្គរបស់កម្ពុជាផ្ទាល់ ចំពោះការចូលរួមក្នុងការដោះស្រាយបញ្ហារបស់ពិភពលោក ដោយបានបញ្ជាក់ថា ពេលនេះកម្ពុជាកំពុងដើរតួនាទីសំខាន់លើឆាកអន្ដរជាតិ ពីប្រទេសដែលធ្លាប់មានការបែកបាក់ និងធ្លាប់ឲ្យបរទេសចូលរួមដោះស្រាយ បែរក្លាយជារដ្ឋដែលមានសន្ដិភាពចាប់តាំងពីឆ្នាំ១៩៩៨ និងចូលរួមចំណែកក្នុងការដោះស្រាយបញ្ហារបស់ពិភពលោក។
លោកបានបន្ថែមថា បន្ទាប់ពីនេះសម្ដេចតេជោ ហ៊ុន សែន លោកក៏បានបន្ដជួបជាមួយអនុប្រធានព្រទ្ធិសភារបស់កាមេរូន ក្នុងនោះភាគីទាំងពីរបានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា និងកាមេរូន បង្កើតនូវទំនាក់ទំនងកាទូតផ្លូវការផងដែរ។ លោក ជា ធីរិទ្ធ បានបញ្ជាក់ថា មុនបញ្ចប់មុននេះបន្ដិចសម្ដេចតេជោ ហ៊ុន សែន ក៏ទទួលជួបជាមួយប្រតិភូមកពីប្រទេសចំនួន៤ រួមមាន អនុប្រធានរដ្ឋសភាវៀតណាម, ប្រធានរដ្ឋសភារបស់ម៉ាឌៀវ, អនុប្រធានរដ្ឋសភារបស់ហ្គាណា និងតំណាងសភាមកពីកេនយ៉ាផងដែរ។
លោក ជា ធីរិទ្ធ បានសង្កត់ធ្ងន់ថា «សរុបជារួមតំណាងសភា ដែលបានជួបជាមួយសម្ដេចតេជោ សុទ្ធតែបានកោតសសើរ ចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលលោកបានពលីកម្ម ពិសេសនយោបាយឈ្នះៗ។ ប្រតិភូទាំងអស់បានបង្ហាញការចាប់អារម្មណ៍ លើសន្ទរកថាបើករបស់សម្ដេចតេជោកាលពីម្សិលមិញផងដែរ ដោយក្នុងនោះប្រតិភូមកពីកេនយ៉ា បានលើកឡើងថា សន្ទរកថា របស់សម្ដេចតេជោ គឺជាសន្ទរកថាល្អឥតខ្ចោះ និងមិនដែលឃើញសន្ទរកថាណាល្អបែបនេះនោះឡើយ»។
លោកបានបញ្ជាក់ថា នេះជាការរំលេចមួយដែលបានកោតសសើរចំពោះកម្ពុជា និងតួនាទីរបស់សម្ដេចតេជោ ហើយអ្វីដែលជាការចាប់អារម្មណ៍គឺភ្ញៀវទាំងអស់នោះលើកឡើងថា នៅពេលមកដល់កម្ពុជាមិននឹកស្មានថា កម្ពុជាធ្លាប់ជាប្រទេសមានប្រវត្តិសាស្រ្ដជូចត់បែបនេះឡើយ។ ប្រតិភូទាំងអស់បានសម្ដែងការពេញចិត្តចំពោះនយោបាយឈ្នះៗ និងការដឹកនាំកន្លងមកដែលកម្ពុជាមានសន្ដិភាពមកដល់ពេលនេះ៕ដោយ ៖តារា










