ខេត្តរតនគីរី ៖ រថយន្តម៉ាកតូយូតា មួយបាំងកន្លះមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ រតនគិរី 2A-0029 មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ ផ្ទុកឈើប្រណីតពេញប្រៀប ប្រភេទធ្នង់សុទ្ធ (មុខកាត់ចម្រុះ) ត្រូវបានកម្លាំងសមត្ថកិច្ច នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត សហការជាមួយ កម្លាំងយោធាស្រុកអូរជុំស្ទាក់ចាប់បាននៅវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥ ត្រង់ចំណុចភូមិចាអ៊ុងកាវឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគិរី។ តាមប្រភពពីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ដែលចុះបង្ក្រាបបានឲ្យដឹងថា កាលពីវេលាម៉ោងខាងលើ ដោយបានទទួលព័ត៌មានពីភ្នាក់ងារសម្ងាត់ របស់លោកឈានទៅស្ទាក់ចាប់រថយន្តដឹកបទល្មើស ដែលលោកឆត្រខាងលើដឹកជញ្ជូនចេញពីស្រុកវ៉ើនសៃ ឆ្ពោះមកកាន់ក្រុងបានលុង និងបន្តទៅលក់នៅប្រទេសវៀតណាម ហើយកម្លាំងក៏បានពួនស្ទាក់ចាប់បានភ្លាមៗ នៅនឹងកន្លែងតែម្តង។ ក្រោយពីបង្ក្រាបបានរថយន្តដឹកឈើប្រណីតម្ចាស់រថយន្តឃើញសភាពមិនស្រួល ក៏បើកទ្វាររត់គេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្ត និងឈើប្រណីត ហើយសមត្ថកិច្ចជំនាញធ្វើសំណុំបែបបទប្រគល់ឲ្យផ្នែករដ្ឋបាលព្រៃឈើដើម្បីចាត់ការបន្តតាច្បាប់ព្រៃឈើ ៕