ក្រុងប៉ោយប៉ែត ៖ ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត មានការសប្បាយចិត្ត ចំពោះសមត្ថកិច្ច ដែលបង្គ្រាបទូហ្គេម១កន្លែង បានចំនួន៤១គ្រឿង និងក្មេងៗដែលចូលលេងហ្គេមចំនួន៤៣នាក់ កាលពីរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៥ នៅខាងកើតវត្តបាលិលេយ្យ ឋិតក្នុងភូមិក្បាលស្ពាន២ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ លោក អ៊ឹង សុភារៈ នាយប៉ុស្តិ៍រដ្ឋបាលប៉ោយប៉ែត បានប្រាប់ថា ក្រោយពីទទួលបទបញ្ជាពីលោកអធិការក្រុងប៉ោយប៉ែត អ៊ុំ សុផល លោកបានចុះប្រតិបត្តការបង្ក្រាបទៅលើលំនៅឋាន១កន្លែង ដែលបានលួចបើកនៅលើផ្ទះឈើ ដំបូលសង្ក័សី រឹបអូសវត្ថុតាងដូចជាទូហ្គេមចំនួន៤១គ្រឿង និងឃាត់ក្មេងប្រុសៗចំនួន៤៣នាក់ ដែលម្ចាស់ផ្ទះមាន ឈ្មោះ លឹម ហេង ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅក្នុងភូមិកើតហេតុ។ លោកបន្តថា នៅក្នុងប្រតិបត្តការនោះបន្ទាប់ពីទទួលព័ត៌មានពីអ្នកស្រុក និងទទួលបញ្ជាពីលោកអធិការក្រុងលោកដឹកនាំកម្លាំងចុះប្រតិបត្តការតែម្ដង។ លោកបញ្ជាក់ថា បន្ទាប់ពីរកាដក់ហូតវត្ថុតាង និងម្ចាស់ផ្ទះរួមទាំងក្មេងដែលមកលេងហ្គេមនៅចំណុចខាងលើនោះ និងធ្វើរបាយការណ៍បញ្ជូនទៅអធិការដើម្បីចាត់ការទៅតាមច្បាប់។ លោក អ៊ុំ សុផល អធិការក្រុងប្រាប់ថា ចំពោះករណីខាងលើនេះក្មេងៗក្រោមអាយុ១៥ឆ្នាំ លោក និងឲ្យពួកគេធ្វើកិច្ចសន្យា និងឲ្យឪពុកម្ដាយមកធានាខុសត្រូវយកទៅអបរំ ។ ចំណែកក្មេងដែលមានអាយុលើសពី១៥ឆ្នាំ លោកនឹងវិភាគទៅលើទឹកនោម បើឃើញសារធាតុញៀនលោកនឹងធ្វើសំណុំឯកសារបញ្ជូនទៅស្នងការខេត្តបន្ទាយមានជ័យ និងយកពួកគេទៅមណ្ឌលកែប្រែ ។ ប្រភពពីអ្នកស្រុកកន្លែងកើតហេតុនិយាយថា ពួកគាត់មានការត្រេកអរជាខ្លាំងចំពោះចំណាត់ការរបស់សមត្ថកិច្ចបង្ក្រាបល្បែងហ្គេមតាមប្រព័ន្ធអ៊ីនធីណេតល្បែងទាំងនេះ ហើយបានធ្វើឲ្យក្មេងៗសិស្សសាលាវក់មកលេងគ្មានគិតពីការៀនសូត្រ ។ ចំណែកក្មេង១ចំនួនទៀត ដោយសារតែល្បែងហ្គេមចេះលួចប្រាក់ឪពុកម្ដាយដើម្បីមកលេងខ្លះទៀតបែកគំនិតលួចឆក់ និងអំពីផ្សេងៗដែលបង្កដល់អសន្តិសុខសង្គម ។ ពាក់ព័ន្ធទៅនឹងល្បែងគ្រប់ប្រភេទនៅក្រុងប៉ោយប៉ែតប្រជាពលរដ្ឋសូមឲ្យសមត្ថកិច្ចបង្ក្រាបឲ្យដូចភ្លៀងរលឹម កុំឲ្យប្រកាន់បក្ខពួកនិយម ដោយកុំឲ្យបង្ក្រាបតែអ្នកដែលគ្មានខ្សែ ឬខ្នងបង្អែក បើសិនជាសមត្ថកិច្ចធ្វើបានពួកគាត់មានកាត្រេកអរដែលអនុវត្តបានខ្ជាប់ខ្ជួននូវគោលនយោយបាយភូមិ-សង្កាត់មានសុវត្ថិភាព ៕