ភ្នំពេញ ៖ ក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តី នាថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ បានបើកវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ណែនាំស្តីពីនីតិវិធី និង វិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ក្រោមអធិបតីភាព លោ កបណ្ឌិត ស៊ា ម៉ៅ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី អនុប្រធាននិងជាអគ្គលេខាធិការក្រុមប្រឹក្សាអ្នកច្បាប់ ជាតំណាងដ៏ខ្ពង់ខ្ពស់ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈ រដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងធ្វើបទបង្ហាញដោយ លោក អ៊ុត ស៊ីណាត អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី សមាជិកនិងជាអគ្គលេខាធិការរងក្រុមប្រឹក្សាអ្នកច្បាប់ និងលោក ជួង សុផល ជំនួយការនិងជាប្រធាននាយកដ្ឋាននៃក្រុមប្រឹក្សាអ្នកច្បាប់ ជូនថ្នាក់ដឹកនាំ សាស្រ្តាចារ្យ និងនិស្សិតជំនាញនីតិសាស្រ្ត ប្រមាណ៣៥០អង្គ /នាក់ដែលដឹកនាំដោយលោក ឈុន វណ្ណៈ ព្រឹទ្ធបុរស នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។
រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិត ថាមពល និងជាក់ស្តែងនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមុំទី១ បាន កំណត់យក “ការពង្រឹងនិងការកែទម្រង់ស្ថាប័ន” ជាចំណុចស្នូល តាមរយៈការបន្តកែទម្រង់ស្ថាប័ននិងអភិបាលកិច្ច ហើយបំពេញការងារនៅក្នុង “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” និងមុំទី៤ “ការលើក កម្ពស់និងពង្រឹងប្រសិទ្ធ ភាពច្បាប់និងប្រព័ន្ធយុត្តិធម៌” ដែលមានគោលដៅពង្រឹងគោលការណ៍ នីតិរដ្ឋ ដែលរួមចំណែកធានាថែរក្សា ស្ថិរភាពសង្គម សណ្តា ប់ ធ្នាប់ សាធារណៈ និងភាពសុខដុមរមនាក្នុងសង្គមជាតិ។
ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ ចាប់ពីឆ្នាំ២០២៤ រហូតមកដល់ពេលនេះ ក្រុមប្រឹក្សា អ្នកច្បាប់ បានរៀបចំវគ្គបណ្តុះបណ្តាលចំនួន១៤លើករួចមកហើយ លើប្រធានបទជាច្រើនពាក់ព័ន្ធនឹងវិស័យច្បាប់ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងនយោបាយជាដើម ជូនដល់ក្រសួង ស្ថាប័ន និងគ្រឹះស្ថានសិក្សានានាផងដែរ។ សម្រាប់វគ្គបណ្តុះបណ្តាលនារសៀលនេះ គឺជាលើកទី១៥ ដែលក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តី ធ្វើទ្បើងដើម្បីជាពុទ្ធិបន្ថែមទៀតជូនដល់និស្សិតជំនាញច្បាប់នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក្នុងការផ្សាភ្ជាប់រវាងទ្រឹស្តីដែលបានសិក្សានៅក្នុងគ្រឹះស្ថានសិក្សានិងការអនុវត្តជាក់ស្តែងរបស់ក្រុមប្រឹក្សាអ្នកច្បាប់ក្នុងការសិក្សា ស្រាវជ្រាវ ពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តទាំងទ្បាយ៕
ដោយ ៖ សិលា










