កញ្ឆាស្ងួតចំនួន ១០០ដុំ ត្រៀមឆ្លងដែនមកកម្ពុជាត្រូវកម្លាំងយោធាថៃស្ទាក់ចាប់បានក្បែរអូរព្រំដែនស្រុកកំរៀង

ចែករំលែក៖

ខេត្តបាត់ដំបង÷ កញ្ឆាស្ងួតដែលវេចខ្ចប់ជាដុំចំនួន ១០០ ដុំ ត្រូវបានកម្លាំងយោធាថៃ ដែលកំពុងល្បាតតាមបណ្ដោយព្រំដែនធ្វើការស្ទាក់ចាប់បាន ខណៈជនល្មើសដែលកំពុងលីសែងបានរត់ឆ្លងអូរព្រំដែនចូលមកក្នុងទឹកដីកម្ពុជាបាត់ស្រមោល។ ការបង្ក្រាបទំនិញឆ្លងដែននេះបានធ្វើឡើងកាលពីថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២៦ វីលៀងម៉ោង ៧ យប់ ស្ថិតនៅចំណុចក្លងតាខៀន ក្នុងភូមិ៤ ឃុំខ្លងយ៉ៃ ស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី ប្រទេសថៃ ឈមនឹងស្រុកកំរៀង ខេត្តបាត់ដំបង។

នៅក្នុងកិច្ចប្រតិបត្តិការបង្ក្រាបនេះ យោធាថៃបានប្រទះឃើញមនុស្សប្រុសចំនួនពីរនាក់ កំពុងលីសែងការ៉ុងត្រៀម និងឆ្លងដែនចូលមកកម្ពុជា តែដោយសារយោធាថៃបានបង្ហាញខ្លួនជនសង្ស័យក៏ទម្លាក់ការ៉ុងចោល រួចនាំគ្នារត់ឆ្លងដែនឆ្លងចូលមកទឹកដីកម្ពុជាបាត់ស្រមោល។

ក្រោយការត្រួតពិនិត្យទៅលើការ៉ុងទាំង ៤ គឺការ៉ុងនីមួយៗមានដាក់កញ្ឆាស្ងួត ដោយការ៉ុងទី ១ មានចំនួន ២៨ ដុំ ការ៉ុងទី២ មានចំនួន ២៥ដុំ ការ៉ុងទី៣ មានចំនួន ២២ដុំ និងការ៉ុងទី ៤ មានចំនួន ២៥ដុំ។

បច្ចុប្បន្នវត្ថុតាងទាំងអស់ ត្រូវបានយោធាថៃប្រគល់ទៅឲ្យកម្លាំងជំនាញក្នុងស្រុកពោងណាំរ៉ន ដើម្បីពិនិត្យ និងរក្សាទុកអនុវត្តតាមផ្លូវច្បាប់ ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print