ក្លិប Paris Saint-Germain (PSG) បានបន្តកុងត្រារបស់លោក Luis Enrique ជាគ្រូបង្វឹកក្រុមបាល់ទាត់បុរសរហូតដល់ឆ្នាំ 2030 ព្រមទាំងបានព្រមព្រៀងបន្តកុងត្រាថ្មីជាមួយកីឡាករក្រុមឈុតធំចំនួន ៥រូប។ នេះបើតាមការប្រកាសរបស់ក្លិបជើងឯកបារាំងកាលពីថ្ងៃសុក្រ។
លោក Luis Enrique បានចូលដឹកនាំ PSG កាលពីឆ្នាំ 2023 បន្ទាប់ពីធ្លាប់ដឹកនាំ Barcelona និងក្រុមជម្រើសជាតិអេស្ប៉ាញ។ ចាប់តាំងពីពេលនោះមក លោកបានដឹកនាំ PSG ឈានដល់ដំណាក់កាលជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្រក្លិប ដោយរួមមានការឈ្នះ ពាន UEFA Champions League ២រដូវកាលជាប់គ្នា និង ជើងឯក Ligue 1 ចំនួន ៣លើក។
គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ បានដឹកនាំ PSG ឈ្នះពានរង្វាន់ចំនួន ៦ ក្នុងរដូវកាល 2024-25 និងបាននាំក្រុមឡើងដល់វគ្គផ្តាច់ព្រ័ត្រ FIFA Club World Cup លើកដំបូង ដែលធ្វើឡើងនៅសហរដ្ឋអាមេរិក។
ខ្សែការពារ Lucas Beraldo និង Willian Pacho, ខ្សែបម្រើ Joao Neves និងកីឡាករដែលធំធាត់ចេញពីថ្នាលយុវជនរបស់ PSG គឺ Senny Mayulu បានយល់ព្រមបន្តស្នាក់នៅជាមួយក្លិបរហូតដល់ឆ្នាំ 2031។
ខ្សែបម្រើជម្រើសជាតិព័រទុយហ្គាល់ Joao Neves បានបង្ហាញខ្លួន 100 ប្រកួត ឱ្យ PSG ចាប់តាំងពីផ្ទេរមកពី Benfica ក្នុងឆ្នាំ 2024។ ចំណែកខ្សែការពារកណ្តាលសញ្ជាតិអេក្វាឌ័រ Willian Pacho បានបង្ហាញខ្លួន 105 ប្រកួត ចាប់តាំងពីផ្ទេរមកពី Eintracht Frankfurt ក្នុងឆ្នាំដដែល។
ខ្សែការពារប្រេស៊ីល Lucas Beraldo បានផ្ទេរមក PSG ពី São Paulo ក្នុងខែមករា ឆ្នាំ 2024 ខណៈខ្សែបម្រើជម្រើសជាតិបារាំងអាយុក្រោម 21ឆ្នាំ Senny Mayulu បានរីកចម្រើនតាមរយៈ ថ្នាលយុវជន PSG ចាប់តាំងពីចូលក្លិបនៅអាយុ 12ឆ្នាំ។
ជាមួយគ្នានេះ ខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Fabian Ruiz វ័យ 30ឆ្នាំ ក៏បានព្រមព្រៀងចុះកុងត្រាថ្មីជាមួយ PSG រហូតដល់ឆ្នាំ 2028 ហើយមានជម្រើសបន្តកុងត្រាបន្ថែមមួយឆ្នាំទៀត។
Ruiz បានផ្ទេរមក PSG ពី Napoli ក្នុងឆ្នាំ 2022 ហើយរហូតមកដល់ពេលនេះ បានបង្ហាញខ្លួន 171 ប្រកួត ឱ្យក្លិបបារាំង ដោយស៊ុតបញ្ចូលទីបាន 16 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបាន 28 ដង៕










