ជនសង្ស័យ ២នាក់ ផ្លោះរបងតុលាការខេត្តកំពង់ស្ពឺ រត់បាត់ស្រមោល ពេលបញ្ជូនខ្លួនទៅអយ្យការដើម្បីសួរនាំ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យក្នុងសំណុំរឿងព្រហ្មទណ្ឌចំនួន ២នាក់ បានផ្លោះរបងសាលាដំបូងខេត្តកំពង់ស្ពឺ រត់បាត់ស្រមោល ក្រោយមន្ត្រីនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបញ្ជូនខ្លួនទៅកាន់អយ្យការដើម្បីសួរនាំ។ករណីនេះបានកើតឡើងនៅម៉ោងប្រមាណជា ១០និង ០០នាទីព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងបរិវេណសាលាដំបូងខេត្តកំពង់ស្ពឺ។

ប្រភពពីមន្ត្រីនគរបាល បានឱ្យដឹងថា ជនសង្ស័យដែលបានរត់គេច មានភេទប្រុស ជាប់ពាក់ព័ន្ធនឹងបទល្មើសលួច និងប្លន់។ ជនសង្ស័យបានផ្លោះរបងខាងក្រោយអាគារសាលាដំបូងជាប់និងបន្ទប់ទឹក រត់គេចទាំងដៃជាប់ខ្នោះ(ដាក់ម្ខាងម្នាក់)បាត់ស្រមោល។

ជុំវិញការធ្វេសប្រហែសបណ្តោយជនសង្ស័យ២នាក់រត់គេចខ្លួននេះ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានប្រាប់នៅរសៀលថ្ងៃដដែលនេះថា កម្លាំងជំនាញបាននិងកំពុងដុតដៃដុតជើងក្នុងការស្វែងរក ដើម្បីចាប់ខ្លួនបញ្ជូនមកទទួលទោសវិញ ប៉ុន្តែគិតមកទល់ម៉ោងនេះនៅមិនទាន់អាចនាំខ្លួនជនសង្ស័យបាននៅឡើយទេ។

ពាក់ព័ន្ធនឹងជនសង្ស័យរត់នេះ ប្រជាពលរដ្ឋនៅក្បែរនោះបានឱ្យដឹងថា មិនមែនកើតមានឡើងតែមួយលើកនោះទេ កន្លងមកក៏ធ្លាប់កើតមានដែរ ដែលការធ្វេស ប្រហែសរបស់មន្ត្រីនគរបាលជំនាញក្នុងការគ្រប់គ្រង និងការពារជនសង្ស័យពេលបញ្ជូនទៅតុលាការ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print