មេដឹកនាំប្រទេសជាច្រើន ដើរចេញពីកិច្ចប្រជុំ ក្រោយលោក Netanyahu ប្រឹងការពារអ៉ីស្រាអែល

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានការពារសកម្មភាពរបស់អ៉ីស្រាអែលនៅក្នុងតំបន់មជ្ឈិមបូព៌ា នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ខណៈប្រតិភូមកពីច្រើនប្រទេសបាននាំគ្នាដើរចេញពីសាលប្រជុំនៅពេលរូបលោកឡើងថ្លែងសុន្ទរកថា។

ការខ្វែងគំនិតគ្នាជុំវិញការប្រព្រឹត្តរបស់អ៉ីស្រាអែលត្រូវបានបង្ហាញយ៉ាងច្បាស់ នៅពេលលោក Netanyahu ចាប់ផ្ដើមឡើងថ្លែងសុន្ទរកថាដោយមានគណៈប្រតិភូមកពីប្រទេសជាច្រើនបាននាំគ្នាដើរចេញពីសាលប្រជុំជាការសម្ដែងការតវ៉ា។ លោក Netanyahu បានហៅប្រតិភូដែលដើរចេញពីសាលប្រជុំទាំងនោះជាមនុស្សកំសាក ខណៈក្រុមអ្នកគាំទ្ររូបលោកនាំគ្នាស្រែកគាំទ្រអ៉ីស្រាអែល។ លោក Netanyahu បានប្រើប្រាស់សុន្ទរកថារបស់លោកដើម្បីរិះគន់ខ្លាំងលើចៅហ្វាយក្រុងញូវយ៉ក លោក Zohran Mamdani សម្រាប់ការហៅរូបលោកជាឧក្រិដ្ឋជនសង្រ្គាម និងរិះគន់មេដឹកនាំលោកខាងលិចមួយចំនួនសម្រាប់អ្វីដែលលោកហៅថាជាចលនាប្រឆាំងជនជាតិជី្វហ្វ ហើយចោទប្រកាន់កាតា និងតួកគីយ៉េ កំពុងសាបព្រោះការភូតកុហកអំពីអ៉ីស្រាអែល។
នៅក្នុងសុន្ទរកថារបស់លោក លោក Netanyahu ដែលកំពុងដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោត សកលរបស់អ៉ីស្រាអែលនៅថ្ងៃទី២៧ ខែតុលាខាងមុខ ក៏បានការពារផងដែរថាអ៉ីស្រាអែលមិនបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ហើយអ៉ីស្រាអែលថែមទាំងបានបង្ការកុំឱ្យអំពើប្រល័យពូជសាសន៍កើតឡើងទៀតផង។
លោក Netanyahu និងអតីតរដ្ឋមន្ត្រីការពារជាតិ របស់លោក គឺលោក Yoav Gallant ត្រូវបានតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ចេញដីកាចាប់ខ្លួនពីបទឧក្រិដ្ឋកម្មសង្រ្គាមក្នុងតំបន់ហ្កាហ្សាកាលពីឆ្នាំ២០២៤ ខណៈអុីស្រាអែលរងការចោទប្រកាន់ថាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍លើប្រជាជនប៉ាឡេស្ទីន ជាការចោទប្រកាន់មួយដែលលោក Netanyahu និងក្រុមមន្ត្រីអ៉ីស្រាអែលតែងតែបដិសេធ៕

រូប​ថត​: AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print