ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានរិះគន់ធ្ងន់ៗចំពោះទង្វើរបស់មេដឹកនាំនយោបាយប្រឆាំងចាស់វស្សាមួយចំនួននៅក្រៅប្រទេស ដែលបានយកពាក្យសម្ដីរបស់បរទេសមកវាយប្រហារលើកងទ័ពជាតិខ្លួនឯង អំឡុងពេលមានការប្រយុទ្ធការពារទឹកដី។ សម្ដេចធិបតីបានចាត់ទុកទង្វើចោទប្រកាន់កងទ័ពកម្ពុជាថាបានបាញ់ប្រហារលើប្រជាជនស៊ីវិលរបស់គេនោះ ថាជា «អំពើក្បត់ជាតិយ៉ាងខ្លាំង»។
ថ្លែងក្នុងឱកាសអញ្ជើញ សម្ភោធផ្លូវជាតិលេខ១០ នៅខេត្តពោធិ៍សាត់ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ សម្ដេចធិបតីបានមានប្រសាសន៍រំឭកថា នៅពេលកើតមានការវាយប្រហារគ្នា ភាគីឈ្លានពានបានបាញ់ផ្លោងគ្រាប់កាំភ្លើងធំមកលើភូមិឋាន បំផ្លិចបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋខ្មែរ និងធ្លាក់ចូលដល់ក្នុងវត្តអារាម បណ្ដាលឱ្យមានការបាត់បង់ជីវិត ប៉ុន្តែគ្មានបុគ្គលទាំងនោះចេញមុខឃាត់ឃាំងភាគីម្ខាងទៀតឡើយ។ ផ្ទុយទៅវិញ បែរជាមានការចោទប្រកាន់ទម្លាក់កំហុសមកលើកម្ពុជាថា បានបាញ់ប្រហារទៅលើប្រជាពលរដ្ឋស៊ីវិលរបស់គេ។ ចំពោះចំណុចនេះ សម្ដេចបានសង្កត់ធ្ងន់ថា មេទ័ព និងកងទ័ពកម្ពុជាដែលឈរជើងនៅសមរភូមិមុខ មិនដែលមានផែនការបាញ់ប្រហារទៅលើផ្ទះប្រជាជនស៊ីវិលឡើយ ពោលគឺកំណត់គោលដៅតែលើមូលដ្ឋានយោធាប៉ុណ្ណោះ ហើយការបាញ់តបតនោះទៀតសោត គឺធ្វើឡើងបន្ទាប់ពីគេបានបើកការបាញ់ប្រហារមកលើយើងមុន។
យ៉ាងណាមិញ សម្ដេចធិបតីបានគូសបញ្ជាក់ថា បែរជាមានអ្នកនយោបាយចាស់វស្សានៅក្រៅប្រទេស(រដ្ឋាភិបាល ២៣ តុលា)តាំងពីជំនាន់សម្ដេចតេជោរហូតមកដល់បច្ចុប្បន្ន បានឡើងកាន់មេក្រូនាពេលនោះ ចោទប្រកាន់ថាកងទ័ពកម្ពុជាបាញ់សម្លាប់ប្រជាជនគេដោយអយុត្តិធម៌ និងយ៉ាងអាក្រក់។ សម្ដេចបានចោទសួរថា ខ្លួនឯងជាកូនខ្មែរ ប៉ុន្តែបែរជាយកពាក្យចោទប្រកាន់របស់គេ មកវាយប្រហារកងទ័ពជាតិខ្លួនឯងដែលកំពុងរងគ្រោះដោយសារការបាញ់ផ្លោងមកលើផ្ទះ និងភូមិឋានរបស់ប្រជាពលរដ្ឋខ្លួន ដែលទង្វើនេះពិតជាអំពើក្បត់ជាតិយ៉ាងធំធេង។
ទន្ទឹមនឹងនោះ សម្ដេចធិបតីបានបង្ហាញការហួសចិត្តជាខ្លាំង ដោយសារតែការឡើងថ្លែងបំភ្លៃរបស់អ្នកនយោបាយរូបនោះ ត្រូវបានភាគីម្ខាងទៀតយកទៅធ្វើជាសំអាង និងជាភស្តុតាងឃោសនាថា សូម្បីតែខ្មែរគ្នាឯង ក៏ទទួលស្គាល់ថាកងទ័ពខ្មែរបាញ់ប្រហារលើផ្ទះប្រជាជន និងអនុវត្តខុសច្បាប់ដែរ។ សម្ដេចបានបញ្ជាក់ជាថ្មីថា កងទ័ពកម្ពុជាមិនដែលបានប្រព្រឹត្តអំពើបែបនោះឡើយ ប៉ុន្តែទង្វើរបស់អ្នកនយោបាយប្រឆាំងមួយចំនួននៅក្រៅប្រទេស បានក្លាយជាការផ្ដល់អាវុធឱ្យបរទេសយកមកវាយប្រហារ និងទម្លាក់កំហុសលើកងទ័ព និងជាតិសាសន៍ខ្លួនឯងទៅវិញ៕
ដោយ ៖ សិលា











