អាមេរិកបាន​បញ្ជូន​ យន្តហោះចម្បាំងអាមេរិក F-16 ស៊េរីថ្មីបំផុត ពីរគ្រឿងដំបូង ក្នុងចំណោម៦៦ គ្រឿងអោយតៃវ៉ាន់

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២៦ បានផ្សាយថា យន្តហោះចម្បាំងអាមេរិក F-16V Block 70 ស៊េរីថ្មីចំនួន ២គ្រឿងដំបូង ក្នុងចំណោមការបញ្ជាទិញសរុប ៦៦គ្រឿងកាលពីឆ្នាំ ២០១៩ បានមកដល់កោះតៃវ៉ាន់ថ្ងៃសុក្រនេះ បន្ទាប់ពីមានការពន្យារពេលអស់រយៈពេលជាច្រើនខែ។
F-16V Block 70 ដែលបានហោះហើរឆ្លងកាត់កោះ Hawaii និងកោះ Guam បានចុះចតនៅថ្ងៃត្រង់ ថ្ងៃសុក្រនេះ។ ការមកដល់ និងបញ្ជូនទៅកាន់មូលដ្ឋានទ័ពអាកាស Chihhang ក្នុងខេត្ត Taitung ដែលជាតំបន់ឆ្នេរភាគខាងកើតដែលមានភ្នំច្រើន កើតឡើងចំពេលមានការព្រួយបារម្ភនៅក្នុងកោះតៃវ៉ាន់ អំពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលលោក ត្រាំ ពាក់ព័ន្ធការផ្គត់ផ្គង់អាវុធដល់ទីក្រុងតៃប៉ិ ទោះបីជាទីក្រុងវ៉ាស៉ីនតោនអះអាងថា គ្មានការផ្លាស់ប្តូរគោលនយោបាយណាមួយក៏ដោយ។
នៅឆ្នាំ២០១៩ សហរដ្ឋអាមេរិកបានអនុម័តការលក់យន្តហោះចម្បាំង F-16V របស់ក្រុមហ៊ុន Lockheed Martin ទៅឱ្យកោះតៃវ៉ាន់ ក្នុងតម្លៃ ៨ ពាន់លានដុល្លារ ជាកិច្ចព្រមព្រៀងមួយនឹងធ្វើឱ្យចំនួនយន្តហោះ F-16 ដែលតៃវ៉ាន់មានសរុប កើនឡើងដល់ជាង ២០០គ្រឿង។ ប៉ុន្តែបញ្ហាផ្សេងៗ រួមទាំងបញ្ហាផ្នែក software បានធ្វើឱ្យការដឹកជញ្ជូនយន្តហោះទាំងនេះ មានភាពយឺតយ៉ាវ។
តៃវ៉ាន់ កំពុងប្រឈមមុខនឹងសកម្មភាពយោធារបស់ទីក្រុងប៉េកាំង ដែលចាត់ទុកតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន។ ការមកដល់នៃយន្តហោះនេះ នឹងជួយពង្រឹងកងទ័ពអាកាសតៃវ៉ាន់ ដែលត្រូវល្បាតតាមដានសកម្មភាពយោធារបស់ចិន ស្ទើរតែរៀងរាល់ថ្ងៃ៕

...

រូប​ថត​: CNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print