ខេត្តតាកែវ÷មន្ត្រីនគរបាលស្រុកព្រៃកប្បាសបានឲ្យដឹងនៅថ្ងៃទី០៥ខែតុលានេះថា ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងសម្របសម្រួលពី សសំណាក់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងសមត្ថកិច្ច បានបង្ក្រាបករណីលួចម៉ូតូ១គ្រឿងដោយឃាត់ខ្លួនជនសង្ស័យពីរនាក់។
មន្ត្រីនគរបាលស្រុកព្រៃកប្បាសបានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង១៤និង ៣០ នាទី នៅក្នុងភូមិដូងខ្ពស់ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ មានករណី អំពើលួច (លួចម៉ូតូ)កើតឡើង បង្កដោយជនសង្ស័យ២នាក់៖ ១,ឈ្មោះ មុយ វាសនា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិក្តីតាហុក ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស និង ២, ឈ្មោះ សេង គឹមសួរ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិដូងខ្ពស់ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ បានធ្វើសកម្មភាព លួចម៉ូតូ១ គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ ២០១១ ពាក់ផ្លាកលេខ កណ្តាល 1N-4617 របស់ម្ចាស់ឈ្មោះ ឈិន ផុន ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិដូងខ្ពស់ ឃុំបានកាម ខណៈដែលម្ចាស់ទុកម៉ូតូនៅក្រោមផ្ទះ ហើយទៅដេកអង្រឹងខាង ក្រោយផ្ទះ។
ក្រោយពីទទួលបានព័ត៌មាន លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស ដឹកនាំកម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបានកាម ចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងឃាត់បានជនសង្ស័យទាំង២នាក់ខាងលើ រួមទាំងវត្ថុតាង យកមកអធិការដ្ឋាន នគរបាលស្រុកព្រៃកប្បាស ដើម្បីសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី។
ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោស្នងការ និងមានការឯកភាពពីលោក ព្រះរាជអាជ្ញារង កម្លាំងយើងបានប្រគល់ម៉ូតូ ឱ្យទៅម្ចាស់វិញ។
គួបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ខាងលើ ជាមុខសញ្ញាលួចសកម្មក្នុងមូលដ្ឋាន៕










