ភ្នំពេញ÷ និស្សិតពេទ្យឆ្នាំទី៦ម្នាក់ បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម បន្ទាប់ពីជិះម៉ូតូម៉ាក HONDA PCX ត្រូវរថយន្តមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 3G-5552 បុកពីក្រោយយ៉ាងពេញទំហឹងបណ្តាលឱ្យជនរងគ្រោះខ្ទាតទៅបោកក្បាលនឹងថ្នល់ ខណៈម៉ូតូគាបជាប់ពីមុខរថយន្ត។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤:១០នាទីទៀបភ្លឺ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រោយបង្កគ្រោះថ្នាក់ អ្នកបើកបររថយន្តបានបន្តបើករត់គេចខ្លួនទាំងម៉ូតូជាប់នឹងរថយន្ត រហូតទៅដល់ទីតាំងស្ងាត់មួយទើបចុះពីរថយន្តរត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌពោធិ៍សែនជ័យបានចុះដល់ទីតាំងកើតហេតុនិងរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចុះពិនិត្យ វាស់វែង និងយកម៉ូតូព្រមទាំងរថយន្តទៅរក្សាទុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ដោយឡែក សពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើលិខិតប្រគល់ជូនសាច់ញាតិយកទៅរៀបចំពិធីបុណ្យតាមប្រពៃណី៕
ដោយ៖ សុរិយា










