ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងអំពាវនាវឱ្យប្រជាពលរដ្ឋរក្សាភាពអត់ធ្មត់ និងទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃដោយសន្តិវិធី ព្រមទាំងបានអះអាងយ៉ាងមុតមាំថា រាជរដ្ឋាភិបាលនឹងមិនរត់ចោលប្រជាពលរដ្ឋឡើយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញចែកពូជស្រូវ និងស្បៀងជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅក្នុងខេត្តបាត់ដំបង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ពាក់ព័ន្ធនឹងបញ្ហាអធិបតេយ្យភាព និងបូរណភាពទឹកដី សូមប្រជាពលរដ្ឋមានការអត់ធ្មត់រង់ចាំលទ្ធផលនៃការដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយប្រទេសថៃ ដោយរាជរដ្ឋាភិបាលបាននិងកំពុងខិតខំប្រឹងប្រែងដោះស្រាយតាមរយៈយន្តការការទូត និងច្បាប់អន្តរជាតិ ដែលតម្រូវឱ្យមានពេលវេលាយូរបន្តិចដើម្បីស្រាយបញ្ហានេះដោយសន្តិវិធី ព្រមទាំងមិនជ្រើសរើសយកការប្រើប្រាស់កម្លាំងបាយដើម្បីបញ្ចប់បញ្ហានេះឡើយ ព្រោះការធ្វើសង្គ្រាមនឹងមិនអាចនាំមកនូវការបញ្ចប់សង្គ្រាមពិតប្រាកដនោះទេ។
នាឱកាសនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងមិនរត់ចោលប្រជាពលរដ្ឋនោះទេ ហើយរាជរដ្ឋាភិបាលនឹងបន្តនៅក្បែរប្រជាពលរដ្ឋជានិច្ច ដើម្បីជួយសង្គ្រោះក្នុងគ្រាមានអាសន្ន ជាពិសេសបន្ទាប់ពីបញ្ហាប្រឈមនានា រួមទាំងគ្រោះទឹកជំនន់ដែលទើបតែកើតមានឡើងនេះ៕
ដោយ ៖ សិលា














