ខេត្តកណ្តាល÷មុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ និងញៀនថ្នាំចំនួន ១នាក់ ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវឃាត់ ខ្លួន បន្ទាប់ពីរូបគេបានធ្វើសកម្មភាពលួចម៉ូតូសណ្ដោងរ៉ឺម៉កដឹកបន្លែរបស់អាជីវករម្នាក់ រួចយកកន្ទុយរ៉ឺម៉កទៅលក់អេតចាយ។ ករណីលួចនេះត្រូវបានជនរងគ្រោះដឹងថាបាត់កាលពីវេលាម៉ោង០៥និង០០នាទី ព្រឹក កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ នៅចំណុចកន្លែងលក់ដូរ ស្ថិតក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនរងគ្រោះក្នុងករណីនេះមាន ឈ្មោះ ស្បោង រំចេក (ស្រី, ៤៨ឆ្នាំ) មុខរបរលក់ដូរ មានទីលំនៅភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ។ លោកអធិការបានបន្តថា ចំណែកជនសង្ស័យដែលត្រូវឃាត់ ខ្លួនមានឈ្មោះ នី ពិសាល ហៅ ស្រួច (ប្រុស, ២២ឆ្នាំ) មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ និងមានសារធាតុញៀនក្នុងទឹកនោម។ ជនសង្ស័យរូបនេះធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលចំនួន ១លើក ពីបទលួចម៉ូតូផងដែរ។ ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងម៉ូតូចំនួន ១គ្រឿង ម៉ាកសង់កូរ៉េ ពណ៌ក្រហម គ្មានផ្លាកលេខ ដែលជារបស់ជនរងគ្រោះត្រឡប់មកវិញ ចំណែកឯកន្ទុយរ៉ឺម៉កចំនួន ១គ្រឿង ត្រូវបានជនសង្ស័យយកទៅលក់បាត់។
លោកអធិការបានឲ្យដឹងទៀតថា មុនពេលកើតហេតុ កាលពីវេលាម៉ោង១៩និង៣០នាទីយប់ កាលពីថ្ងៃទី២៨ តុលា ២០២៦ ជនរងគ្រោះបានជិះម៉ូតូសណ្តោងរ៉ឺម៉កដឹកបន្លែពេញយកមកទុកនៅផ្ទះគ្រូពេទ្យ ដើម្បីរៀបចំលក់ដូរ លុះព្រឹកឡើងទើបដឹងថាបាត់ រួចក៏មកដាក់ពាក្យបណ្តឹងសុំការអន្តរាគមន៍ពីនគរបាលប៉ុស្តិ៍រដ្ឋបាលរកាខ្ពស់។ ក្រោយពីទទួលបានបណ្តឹង កម្លាំងជំនាញបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី៣ វិច្ឆិកា ២០២៦ ទើបឃាត់ខ្លួនជនសង្ស័យបាន សម្រេចតែម្តង។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូសណ្តោងរ៉ឺម៉កនេះប្រាកដមែន ដោយបានយកកន្ទុយរ៉ឺម៉កទៅលក់ឲ្យអ្នកទិញអេតចាយនៅតាមផ្លូវឯស្រុកស្អាង ចំណែកម៉ូតូខ្លួនទុកជិះគ្រាន់ទៅរកម្ហូបនៅបឹង។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅចាត់ការបន្តតាមនីតិវិធីច្បាប់ ខណៈម៉ូតូត្រូវបានប្រគល់ជូនជនរងគ្រោះវិញ៕










