ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវចុះបង្ក្រាប លុបបំបាត់Online Scam និងល្បែងស៊ីសង ដើម្បីសុខសាន្តពលរដ្ឋ នៅមូលដ្ឋាន ។
លោក ឃួង ស្រេង អភិបាលរាជធានី និងជាប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានណែនាំ
បែបនេះក្នុង កិច្ចប្រជុំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីស្នងការនរគរបាលរាជធានីភ្នំពេញ និងមេបញ្ជា ការកងរាជអាវុធហត្ថរាជធានី អភិបាលខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធ កាលពីរសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
ក្នុងកិច្ចប្រជុំនេះក៏បានធ្វើការបូកសរុបលទ្ធផលការងារ ភូមិ សង្កាត់មានសុវត្ថិភាព រយៈពេល៩ខែឆ្នាំ២០២៦និងរបាយការ ណ៍១ខែកញ្ញាឆ្នាំ២០២៦ ដើម្បីធ្វើយ៉ាងណាឱ្យការអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព ទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ការងារភូមិ សង្កាត់មានសុវត្ថិភាព ការបង្ក្រាបបទ ល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ជាការងារដែលកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង១៤ បន្តយកចិត្តទុកដាក់ជាប្រចាំ ដើម្បីភាពសុខសាន្តជូនពលរដ្ឋ ហើយការងារពិសេសដែលអាជ្ញាធរនិងកងកម្លាំងរបស់យើងត្រូវប្រឹងប្រែងអនុវត្តឱ្យបានទ្វេដងថែមទៀតនោះ គឺកិច្ចការពារសន្តិសុខ សុវត្ថិភាពកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល នៃប្រទេសសមាជិកអង្គការ អន្តរជាតិហ្វ្រង់កូហ្វូនី ចំនួន៩២ប្រទេសជុំវិញពិភពលោក។
លោក ឃួង ស្រេង បានណែនាំឱ្យកងម្លាំង និងអាជ្ញាធរខណ្ឌទាំង១៤បន្តយកចិត្តទុកដាក់ ឱ្យបានខ្លាំងក្លាបន្ថែមទៀត លើកិច្ចការការពារសន្តិសុខ និងសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋាន ធ្វើយ៉ាងណាឱ្យកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនេះទទួលបានជោគជ័យតាមការគ្រោងទុក៕
ដោយ សំរិត









