ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់បែកមុខបែកមាត់ខណៈជួបគ្រោះថ្នាក់ចរាចរណ៍បើករថយន្តទៅបុកនិងរថយន្តធុនធំពីក្រោយពេញទំហឹង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៨ និង ២០នាទីយប់ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ដែលស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ ក្បែរនិងផ្សារទំនើបមីត ថោន ដែលស្ថិតនៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញមានរថយន្ត១គ្រឿងងម៉ាកហុីយ៉ាន់ដាយពាក់ស្លាកលេខភ្នំពេញ3B-2472 បើកបរតាមបណ្តោយផ្លូវ២០០៤ក្នុងទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតដោយសារតែមានឧបសគ្គនៅខាងមុខអ្នកបើកបររថយន្តធំក៏បន្ថយល្បឿនខណៈនោះស្រាប់តែមានបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកសឺដេសមួយគ្រឿងពាក់ស្លាកលេខកម្ពុជា BENZ-7-9 សង្ស័យខ្វះការប្រុងប្រយ័ត្នក៏ជ្រុលបុករថយន្តធុនធំពីក្រោយពេញទំហឹងបណ្ដាលឲ្យរថយន្តខូចខាតផ្នែកខាងមុខធ្ងន់ធ្ងរ ចំណែកអ្នកបើកបររថយន្តស៊េរីទំនើបម៉ាកសឺដេសបានរងរបួសធ្ងន់បែកមុខបែកមាត់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាក្រោយមកភាគីទាំងពីរបានព្រមព្រៀងគ្នាយករថយន្តទៅជួសជុលរៀងខ្លួនដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ចំណែកអ្នករងរបួសក៏ត្រូវទៅព្យាបាលជំងឺនៅមន្ទីរពេទ្យផងដែរ៕ ដោយ៖ សីហា សែនសុខ










