អ្នកគាំទ្រម្នាក់របស់ក្លិប Real Oviedo ដែលបានប្រើពាក្យប្រមាថដោយរើសអើងពូជសាសន៍លើខ្សែប្រយុទ្ធ Kylian Mbappe របស់ Real Madrid កាលពីឆ្នាំមុន ត្រូវបានតុលាការផ្តន្ទាទោសពីបទឧក្រិដ្ឋកម្មស្អប់ខ្ពើម។ នេះបើតាមសេចក្តីប្រកាសរបស់ Real Madrid កាលពីថ្ងៃអង្គារ។
យោងតាមសេចក្តីសម្រេច អ្នកគាំទ្រដែលមិនត្រូវបានបញ្ចេញឈ្មោះរូបនេះ ត្រូវបង់ប្រាក់ពិន័យ ហាមឃាត់មិនឱ្យចូលកីឡដ្ឋានរយៈពេល ២ ឆ្នាំ និងទទួលទោសជាប់ពន្ធនាគារដោយការព្យួរទោសរយៈពេល ១១ ខែ។
ហេតុការណ៍នេះបានកើតឡើងក្នុងការប្រកួតដែល Real Madrid យកឈ្នះ Real Oviedo ក្នុងលទ្ធផល ៣-០ កាលពីខែសីហា ឆ្នាំ២០២៥។
ទោះជាយ៉ាងណា អ្នកគាំទ្ររូបនេះមិនចាំបាច់ចូលពន្ធនាគារឡើយ លុះត្រាតែគេបំពានលើបម្រាមមិនឱ្យចូលកីឡដ្ឋានដែលតុលាការបានកំណត់។
តាមច្បាប់របស់ប្រទេសអេស្ប៉ាញ ទោសជាប់ពន្ធនាគារដែលមានរយៈពេលតិចជាងមួយឆ្នាំ ជាទូទៅអាចត្រូវព្យួរសម្រាប់ជនល្មើសដែលប្រព្រឹត្តបទល្មើសជាលើកដំបូង។
នេះគឺជាការផ្តន្ទាទោសលើកទី១២ ពាក់ព័ន្ធនឹងបទឧក្រិដ្ឋកម្មស្អប់ខ្ពើមក្នុងការប្រកួត LaLiga ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៤ មក៕










