ភ្នំពេញ ៖ បុរសម្នាក់ដែលជាភ្នាក់ ងារទទួលផ្នែកចែកចាយឱសថក្លែងក្លាយត្រូវបាននគរបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃដោះ លែងឱ្យមានសេរីភាពឡើងវិញបន្ទាប់ពីឃាត់ខ្លួនបានមួយថ្ងៃ ។
បុរស តេង សុខឃាន់ អាយុ៤០ឆ្នាំ ត្រូវបានដោះលែងឱ្យមានសេរីភាពកាល ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥ ដោយ សំអាងថា មិនមែនជាម្ចាស់ទីតាំង ពោលគឺគ្រាន់តែជាភ្នាក់ងារទទួលផ្នែក ចែកចាយឱសថក្លែងក្លាយប៉ុណ្ណោះ ។
ប្រភពបន្ដថា បច្ចុប្បន្នពេលនេះនគរ បាលស៊ើបអង្កេតស្វែងរកម្ចាស់ទីតាំង មុននឹងបញ្ជូនសំណុំរឿងទាំងអស់ទៅ តុលាការ។
គួរបញ្ជាក់ថា ឱសថក្លែងក្លាយប្រមាណ ៤០២កេសត្រូវបានសមត្ថកិច្ចចុះបង្ក្រាប កាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៥ នៅចំណុច ផ្ទះលេខ១៥ ផ្លូវលេខ៨ ក្នុងបុរីពិភពថ្មី សំរោងអណ្ដែត ស្ថិតក្នុងភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី ភ្នំពេញ ។
ក្នុងប្រតិបត្ដិការចុះបង្ក្រាបទីតាំងផ្ទះលួចលាក់ស្ដុកឱសថក្លែងក្លាយនៅសង្កាត់ ភ្នំពេញថ្មីនេះដោយមានការបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ឯក ជា សុមេធី អគ្គស្នងការរងនគរបាលជាតិ និងជា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើស សេដ្ឋកិច្ចក្រសួងមហាផ្ទៃដឹកនាំកម្លាំង ដោយលោកឧត្ដមសេនីយ៍ត្រី ឡុង ស្រេង អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃនិងមានការ សម្របសម្រួលពីលោក តុប ឈុនឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជ ធានីភ្នំពេញសហការជាមួយអាជ្ញាធរ មូលដ្ឋានចូលរួមផងដែរ។
សមត្ថកិច្ចបានឱ្យដឹងថា មុននឹង ឈានដល់ការចុះបង្ក្រាបទីតាំងផ្ទះលួចលាក់ស្ដុកឱសថក្លែងក្លាយនេះគឺកម្លាំង របស់លោកមានការតាមដានរថយន្ដ មួយគ្រឿងដែលមានដឹកឱសថក្លែងក្លាយ មកទម្លាក់ស្ដុកទុកនៅចំណុចផ្ទះខាងលើ ទើបបន្ដឆែកឆរនៅក្នុងគេហដ្ឋានរហូតដកហូតបានឱសថក្លែងក្លាយចំនួន៥ ប្រភេទស្មើនឹង៤០២កេស ព្រមទាំង ឃាត់ខ្លួនមនុស្ស២នាក់ដើម្បីសាកសួរ។
ក្នុងប្រតិបត្ដិការនេះលោក តុប ឈុន ឡុង ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញបានឱ្យដឹងថា ទីតាំងនេះ ពុំមានច្បាប់អនុញ្ញាតពីក្រសួងពាក់ព័ន្ធ ឡើយទើបកម្លាំងមានសមត្ថកិច្ចចុះរឹបអូសតែម្ដង ៕