ខេត្តបាត់ដំបង៖ ជនសង្ស័យម្នាក់លួចរថយន្តកាមរីស្វិត១គ្រឿងរបស់ប្រជាពលរដ្ឋបានរយៈពេល៤ថ្ងៃ ត្រូវបាននគរបាលក្រុងបាត់ដំបងឃាត់ជាប់ បន្ទាប់ពីជនសង្ស័យបម្រុងយករថយន្តទៅលក់ កាលពីវេលាម៉ោង២រសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងឃុំតាក្រៀមស្រុកបាណន់ ខេត្តបាត់ដំបង។
លោកវរសេនីយ៍ត្រី ប៉ាង ហៀង អធិការនគរបាលក្រុងបាត់ដំបងប្រាប់ឱ្យដឹងថា ជនសង្ស័យមានឈ្មោះ រ៉េម សាវុធ ហៅផា ភេទប្រុសអាយុ៣១ឆ្នាំ គ្មានមុខរបរពិតប្រាកដ រស់នៅភូមិតាង៉ែន ឃុំតាក្រៀម ស្រុកបាណន់ ខេត្តបាត់ដំបង។ ចំណែកម្ចាស់រថយន្តមានឈ្មោះម៉ៅធីតា ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ចំណែករថយន្តកាមរីស៊េរីឆ្នាំ១៩៩៣ គូថស្វិត ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខ កណ្តាល2A-2519 ។
លោកអធិការនគរបាលក្រុងបាត់ដំបង ប្រាប់ឱ្យដឹងទៀតថា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ រថយន្តខាងលើ ត្រូវបានម្ចាស់ដាក់ចោលនៅខាងមុខផ្ទះ ដោយមិនបានចាក់ឡុកសោនោះទេ។ បន្ទាប់មកជនសង្ស័យក៏បានយកសោចាក់លួចចេញយកទៅបាត់ខណៈដែលម្ចាស់រថយន្តមិននៅផ្ទះ។ ក្រោយពីបាត់រថយន្តម្ចាស់ក៏បានមកដាក់ពាក្យប្តឹងនៅអធិការដ្ឋានក្រុងបាត់ដំបង។
ដោយឡែកនៅថ្ងៃទី១៩ ខែឆ្នាំដដែលនេះ ជនសង្ស័យបានយករថយន្តដែលលាក់ទុកនៅស្រុកបាណន់បម្រុងយកទៅលក់នៅកន្លែងផ្សេង នៅពេលរថយន្តបើកចេញពីផ្ទះជនសង្ស័យស្រាប់តែអស់សាំងក៏ចតនៅក្បែរចិញ្ចើមផ្លូវ ហើយត្រូវបានបងប្អូនម្ចាស់រថយន្តឃើញ ក៏រាយការណ៍មកសមត្ថកិច្ច។
លោកបន្តថា ក្រោយពីទទួលបានដំណឹងភ្លាមលោកក៏បានបញ្ជាកម្លាំងចុះទៅសហការនិងនគរបាលប៉ុស្តិ៍ឃុំតាក្រៀម ស្រុកបាណន់ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យ ជាមួយរថយន្ត នាំយកមកអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីយកមកសាកសួរចាត់ចែងតាមនីតិវិធីច្បាប់។
លោកអធិការក្រុងបាត់ដំបងប្រាប់ឱ្យដឹងទៀតថា ជនសង្ស័យបានឆ្លើយសារភាពថា រថយន្តនោះគេប៉ងលួច២ទៅ៣ថ្ងៃមកហើយ ។ លុះនៅថ្ងៃខាងលើម្ចាស់មិននៅផ្ទះឃើញឱកាសល្អ គេក៏លួចយករថយន្តទៅបានសម្រេចតែម្តង។
បច្ចុប្បន្នជនសង្ស័យក្រោយពីកម្លាំងនគរបាលជំនាញ នៃអធិការដ្ឋានក្រុងបាត់ដំបងសាកសួររួចហើយនៅព្រឹកថ្ងៃទី២០ ខែតុលា នេះ ត្រូវបានចាប់បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់៕
ដោយ៖ សំវិច្ឆិកា