ប្រទេសសឹង្ហបុរី៖ នៅវេលាថ្ងៃត្រង់ថ្ងៃទី៩សីហាឯកឧត្តមតូនីតាន់កេងយាំងប្រធានាធិបតីនៃសាធារណរដ្ឋសឹង្ហបុរីបានប្រារព្ធពិធីលាងសាយភោជន៍អាហារថ្ងៃត្រង់ជូនដល់ប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលនិងគណៈប្រតិភូនៃបណ្តាប្រទេសនានាលើសកលលោកដែលបានអញ្ជើញចូលរួមខួបលើកទី៥០នៃទិវាបុណ្យឯករាជ្យជាតិសឹង្ហបុរី ។
នៅក្នុងពិធីផ្លូវការដែលរៀបចំឡើងនៅវិមានអីស្តានណា(Istana)បណ្តាប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលនិងគណៈប្រតិភូនៃបណ្តាប្រទេសនានាលើសកលលោកត្រូវបានស្វាគមន៍យ៉ាងស្និតស្នាលរ៉ាក់ទាក់បំផុតពីឯកឧត្តមតូនីតាន់កេងយាំងប្រធានាធិបតីនៃសាធារណរដ្ឋសឹង្ហបុរី ។
ថ្លែងក្នុងពិធីលាងសាយភោជន៍ជាមហាកិត្តិយសនោះឯកឧត្តមតូនីតាន់កេងយាំងប្រធានាធិបតីនៃសាធារណរដ្ឋសឹង្ហបុរីមានប្រសាសន៍ថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុតថ្វាយនិងជូនចំពោះព្រះករុណាស៊ុលតង់សម្តេចឯកឧត្តមលោកជំទាវប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលនិងគណៈប្រតិភូនៃបណ្តាប្រទេសនានាលើសកលលោកដែលបានចំណាយនូវពេលវេលាដ៏មានតម្លៃបំផុតស្តេចយាងនិងអញ្ជើញមកចូលរួមពិធីបុណ្យខួបលើកទី៥០នៃទិវាឯករាជ្យជាតិរបស់សាធារណរដ្ឋសឹង្ហបុរីនៅលើទឹកដីនៃសាធារណរដ្ឋសឹង្ហបុរីដ៏ស្រស់បំព្រងនេះ ។
ឯកឧត្តមប្រធានាធិបតីមានប្រសាសន៍បន្តថាប្រជាជនសឹង្ហបុរីមានសេចក្តីសោមនស្សរីករាយជាអនេកក្នុងការធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុតថ្វាយនិងជូនចំពោះបណ្តាប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលនិងគណៈប្រតិភូទាំងអស់ដែលបានយាងនិងអញ្ជើញមកចូលរួមក្នុងពិធីបុណ្យខួបលើកទី៥០នៃទិវាឯករាជ្យជាតិរបស់សាធារណរដ្ឋសឹង្ហបុរី ដែលនេះបានបង្ហាញឲ្យឃើញពីព្រះទ័យនិងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុត ពីសំណាក់ថ្នាក់ដឹកនាំទាំងអស់ចំពោះបុព្វហេតុឯករាជ្យភាពនិងការអភិវឌ្ឍប្រទេសសឹង្ហបុរីក្នុងរយៈពេល៥០ឆ្នាំកន្លងទៅនេះ ។
សូមបញ្ជាក់ដែរថានៅវេលាម៉ោង១៧ល្ងាចនេះពិធីព្យុះហាក់យាត្រាដើម្បីប្រារព្ធខួបលើកទី៥០នៃទិវាបុណ្យឯករាជ្យជាតិរបស់សាធារណរដ្ឋសឹង្ហបុរីនិងប្រារព្ធធ្វើឡើងនៅវិមានជាតិរបស់សឹង្ហបុរី។សម្រាប់ព្រឹត្តិការណ៍នៃការប្រារព្ធខួបលើកទី៥០នៃទិវាឯករាជ្យជាតិសឹង្ហបុរីអ្នកយកព័ត៌មានពិសេសរបស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជានឹងរាយការណ៍ជូនទស្សនាពីព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នោះអាស្រ៏យហេតុនេះសូមអញ្ជើញទស្សនាដោយមេត្រី ៕
ដោយ៖ សុខ ខេមរា