ភ្នំពេញ៖ តារាចម្រៀងសំនៀងថ្នមកញ្ញា សុគន្ធ និសា បានបង្ហាញវត្តមានដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងមន្ទីរពេទ្យកុមារជាតិរាជធានីភ្នំពេញ។ ការបង្ហាញវត្តមានកាលពីព្រឹកថ្ងៃទី២៦ខែតុលានេះគឺដើម្បីសាកសួរសុខទុក្ខកុមារដែលមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខាងដើម្បីចូលទស្សនកិច្ចនៅជ្រុងមួយនៃបណ្ណាល័យរួមគាំទ្រផ្សព្វផ្សាយនិងជំរុញដល់អាណាព្យាបាលលើកទឹកចិត្តដល់កុមារឲ្យចូលចិត្តការអានសៀវភៅ។
កន្លងមកក្នុងនាមជាទូតសុឆន្ទៈអង្គការស៊ីប៉ា កញ្ញា សុគន្ធ និសាធ្លាប់បានទៅធ្វើទស្សនកិច្ចនៅតាមបណ្ណាល័យមួយចំនួនពិសេសបានចូលរួមសកម្មភាពដល់ការអភិវឌ្ឍន៍វិស័យអំណាននៅក្នុងប្រទេសកម្ពុជា។
កញ្ញានួន ម៉ូលីណាមន្ត្រីទំនាក់ទំនងអង្គការស៊ីប៉ា បញ្ជាក់ថា កញ្ញា សុគន្ធ និសាគឺជាទូតសុឆ្ឆន្ទៈរបស់អង្គការស៊ីប៉ាចាប់តាំងពីដើមឆ្នាំ២០១៥។ ក្នុងការងារនេះតារាចម្រៀងខាងលើបានចូលរួមសកម្មភាពជាច្រើនដើម្បីចូលរួមលើកកម្ពស់ការអាននៅកម្ពុជាដូចជានៅតាមបណ្តាល័យតាមរោងចក្រ បណ្ណាល័យចល័តហើយពេលនេះកញ្ញា បានចូលរួមក្នុងជ្រុងមួយនៃបណ្ណាល័យនៅមន្ទីរពេទ្យកុមារជាតិនេះ។ កញ្ញា បន្តថាមន្ទីរពេទ្យនេះគឺជាមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យទាំង១៩នៅកម្ពុជាហើយនេះគឺជាលើកទី១ដែលកញ្ញា សុគន្ធ និសាចូលរួម។ គម្រោងបន្ទាប់តារាចម្រៀងរូបនេះនឹងទៅចូលរួមទស្សនកិច្ចនៅបណ្ណាល័យនៅតាមរោងចក្រ តាមភូមិស្រុក និងសកម្មភាពចូលរួមលើកកម្ពស់វិស័យអំណាននៅកម្ពុជាដែរ។
កញ្ញា សុគន្ធ និសា បានបញ្ជាក់ថា ថ្ងៃនេះនាងបានចូលរួមកម្មវិធីចូលរួមផ្សព្វផ្សាយការអានសៀវភៅទៅដល់កុមារ និងអាណាព្យាបាលពួកគាត់ឲ្យបានយល់ពីអត្ថប្រយោជន៍នៃការអានសៀវភៅ។ កញ្ញា បន្ថែមថា នៅមន្ទីរពេទ្យនេះមានជ្រុងនៃបណ្ណាល័យដែលមានសៀវភៅសម្រាប់កុមារជារឿងព្រេង រឿងនិទានជាដើមហើយពួកគេអាចអានសម្រាប់កែកម្សាន្តការអផ្សុកបាន ។ នាងថាការអានសៀវភៅនៅបណ្ណាល័យនៅមន្ទីរពេទ្យនឹងអាចឲ្យកុមារភ្លេចការឈឺចាប់មួយរយៈហើយស្រមៃទៅកាន់ពិភពលោកដែលសប្បាយៗតាមរយៈការអានរឿងព្រេង រឿងនិទានជាដើម។ កញ្ញាលើកឡើងដែរថាវិស័យអំណាននៅមិនទាន់បានជ្រួតជ្រាបខ្លាំងដល់ប្រជាជនកម្ពុជានៅឡើយ ហើយពួកគាត់ក៏ហាក់មិនសូវចូលចិត្តការអានសៀវភៅច្រើននោះទេទើបនឹងសម្រេចចិត្តចូលរួមសកម្មភាពទាំងនេះដើម្បីឲ្យវិស័យអំណានកាន់តែជ្រួតជ្រាបទៅដល់ប្រជាពលរដ្ឋខ្មែរ បើទោះបីជាសកម្មភាពនេះមិនទទួលបានកម្រៃក្តី។ នាងថាសកម្មភាពដែលនាងបានចូលរួមនេះនឹងជំរុញឲ្យក្មេងៗចូលចិត្តអានសៀវភៅដែលជាប្រភពនៃចំណេះដឹងសម្រាប់ពួកគាត់ ជៀសវាងការប្រើប្រាស់ពេលវេលាលើកអ្វីដែលឲ្យប្រយោជន៍។ ទោះជាយ៉ាងនាងមិនអាចកំណត់បានទេថា តើការចូលរួមរបស់នាងនឹងអាចចូលរួមជំរុញសកម្មភាពនៃការអានបានកម្រិតណាដែរ ហើយវាក៏អាស្រ័យទៅលើឆន្ទៈរបស់ពួកគេក្នុងអានសៀវភៅដែរ។
ជាមួយគ្នានេះនាងក៏បានធ្វើការផ្តាំផ្ញើទៅដល់ប្រជាជនកម្ពុជាទាំងអស់ឲ្យចូលរួមសកម្មភាព និងលើកទឹកចិត្តឲ្យមានការអានសៀវភៅឲ្យបានច្រើន ព្រោះសៀវភៅជាប្រភពចំណេះដឹងព័ត៌មាន សំខាន់ដែលអាចូលរួម ចំណែកដល់ការអភិវឌ្ឍបញ្ញាស្មារតី និងចូលចំណែកក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ៕
ដោយ៖ វឌ្ឍនា