វៀតណាម៖ នៅមុននេះបន្ដិចវេលាម៉ោងប្រមាណ២រសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ធ្វើដំណើរត្រឡប់មកកាន់ប្រទេសកម្ពុជាវិញហើយ។
នេះបើយោងតាមFacebook Page របស់សម្តេចតេជោ បញ្ជាក់ជាផ្លូវការថា៖ «នៅពេលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កំពុងដឹកនាំប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ បន្ទាប់ពីបានអញ្ជើញចូលរួមវេទិការសេដ្ឋកិច្ចពិភពលោក (WEF) ស្តីពីតំបន់មេគង្គ និងកិច្ចប្រជុំកំពូល កម្ពុជា, ឡាវ, មីយ៉ាន់ម៉ា, និងវៀតណាម លើកទី៨ (8th CLMV), និងកិច្ចប្រជុំកំពូល យុទ្ឋសាស្រ្ត នៃកិច្ចសហ ប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ារ៉ាឌី-ចៅប្រាយ៉ា-មេគង្គ លើកទី៧ (7th ACMECS) ដែលបានប្តរព្រឹត្តិទៅនៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី ២៥-២៦ ខែតុលា ឆ្នាំ ២០១៦ កន្លងទៅនេះ»៕