ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការអនុវត្តវិធានការ បង្ក្រាប ល្បែងស៊ីសងខុសច្បាប់ជូនដល់ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកអគ្គស្នងការនគរបាលជាតិ អស់លោក អភិបាលគណៈអភិបាលខេត្ត អភិបាលរាជធានី ស្នងការ ស្នងការងរាជធានីខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀតនៅព្រឹកថ្ងៃទី២៦ ខែតុលាឆ្នាំ ២០១៦ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានបញ្ជាសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ចាប់ផ្តើមអនុវត្តសេចក្តីណែ នាំនេះអោយមាន ប្រសិទ្ធិភាពខ្ពស់ ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា សេចក្តីណែនាំមានវិសាល ភាពបង្ក្រាបចំពោះតែល្បែងពុំមានច្បាប់អនុញ្ញាតតែប៉ុណ្ណោះ។
ដោយឡែកល្បែងមានច្បាប់ អនុញ្ញាត ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច មមារញឹកតាក់តែងច្បាប់ស្តីពីកាស៊ីណូ ហើយសេចក្តីព្រាងច្បាប់នេះ នឹងអនុម័តនាពេលខាងមុខដាក់ឲ្យប្រើប្រាស់ ។ ល្បែងស៊ីសងមួយចំនួនជ្រកក្រោមស្លាកល្បែងមានច្បាប់ ធ្វើសកម្មភាពអ្វីមួយមិនស្របច្បាប់ ហើយយន្តការត្រូវបង្ក្រាបដូចគ្នា ។
ទន្ទឹមនឹងនោះក្រសួងមហាផ្ទៃកំពុងពិចារណាបង្កើតនាយកដ្ឋានគ្រប់គ្រងល្បែងស៊ីសង ដើម្បីឲ្យអង្គភាពថ្មីនេះ មានសមត្ថភាពគ្រប់គ្រងល្បែងស៊ីសង ដោយសហការ ជាមួយ នាយកដ្ឋានគ្រប់គ្រងល្បែងស៊ីសងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលមានស្រាប់ ។
ជាមួយគ្នានេះ លោក គៀត ច័ន្ទថារិទ្ធ បានមានប្រសាសន៍ថា ទីតាំងល្បែងស៊ីសងខ្លះ មានខ្នងបង្អែកការពារ អន្តរាគមន៍ ដែលធ្វើឲ្យកម្លាំងមូលដ្ឋានមានការញញើត ។ ល្បែងស៊ីសងខុសច្បាប់ បានកើតមានរីកដូចផ្សិតនៅតាមបណ្តាខេត្ត ក្រុង មួយចំនួន ដោយមានមន្ត្រីធំៗមួយចំនួននៅពីក្រោយខ្នង ហើយសមត្ថកិច្ចមិនហ៊ានបង្ក្រាប។ ប៉ុន្តែហ៊ាន បង្ក្រាបតែ អាតួចៗ ដែលគ្មានខ្នងបង្អែក ៕
ដោយ៖ តាឡឹម